ជប៉ុន គ្រោងនឹងដកការធ្វើចត្តាឡីស័កលើអ្នកដំណើរដែលមកពីប្រទេសមានអត្រាការឆ្លងជំងឺកូវីដ-១៩ ទាប
ទេសចរណ៍ May 20, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថារដ្ឋាភិបាលជប៉ុនមានគម្រោងបន្ធូរបន្ថយវិធានការធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមកដល់ប្រទេសជប៉ុន អាស្រ័យលើអត្រានៃការឆ្លងជំងឺកូវីដ-១៩ ទាប។ ការបន្ធូរបន្ធយនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមនៅខែក្រោយ ជាមួយនឹងការបង្កើនចំនួនអ្នកដំណើរចូលក្នុងប្រទេសជប៉ុនពីចំនួន ១០,០០០នាក់ ក្នុងមួយថ្ងៃដល់ចំនួន ២០,០០០ នាក់។

ជាមួយគ្នានេះ ប្រភពពីរដ្ឋាភិបាលបាននិយាយថា ប្រទេសនិងតំបន់ ដែលនឹងត្រូវបន្ធូរបន្ថយលើការធ្វើចត្តាឡីស័ក ត្រូវបែងចែកជាបីក្រុម ដោយអាស្រ័យលើអត្រានៃការឆ្លងជំងឺកូវីដ-១៩ ទាប។ ក្នុងនោះក្រុមទី១ អ្នកដំណើរមកពីក្រុមដែលមានអត្រាឆ្លងទាបបំផុត នឹងត្រូវបានលើកលែងពីការធ្វើតេស្តរកមេរោគ និងការដាក់ធ្វើចត្តាឡីស័ក ដោយមិនគិតថាតើពួកគេបានចាក់វ៉ាក់សាំង ឬអត់នោះឡើយ។

ចំពោះក្រុមទី២ អ្នកដំណើរដែលមកពីប្រទេស ឬ តំបន់ដែលមានអត្រាឆ្លងមធ្យមក៏នឹងត្រូវបានលើកលែងពីការធ្វើតេស្ត និងការចត្តាឡីស័កផងដែរ ប្រសិនបើពួកគេត្រូវបានចាក់វ៉ាក់សាំងបីដង។ ដោយឡែកសម្រាប់ក្រុមទី៣ ដែលមានអត្រាការឆ្លងខ្ពស់ គឺត្រូវគោរពតាមវិធានការចាស់ដដែលដោយត្រូវតេស្តរកមេរោគ និងធ្វើចត្តាឡីស័កតាមច្បាប់របស់ប្រទេសជប៉ុន៕

អត្ថបទ៖ លីនី
ប្រភព៖ nhk