យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កាលីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះបានឱ្យដឹងថា ក្នុងរយៈពេល ៣ខែ នៃឆ្នាំ២០២២ នេះ (អគរ) ប្រមូលចំណូលបានចំនួន ២,៤២៨.៦ ប៊ីលានរៀល ស្មើនឹង ៥៩៧.៦ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ២៣.២% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងទៀតថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំំណូលនេះថយចុះ ៦១.២ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២.៥%។ ចំណូលតាមប្រភេទពន្ធនិងអាករ រួមមាន អាករលើតម្លៃបន្ថែមមានចំនួន ៩៤៣.៨ ប៊ីលានរៀល (ត្រូវជា ៣៨.៩% នៃចំណូលសរុប), អាករពិសេសមានចំនួន ៨៩៤.៩ ប៊ីលានរៀល (ត្រូវជា ៣៦.៨% នៃចំណូលសរុប), ពន្ធគយមានចំនួន ៤៣៦.៣ ប៊ីលានរៀល (ត្រូវជា ១៨% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ១០០.៩ ប៊ីលានរៀល (ត្រូវជា ៤.២% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ៥២.៨ ប៊ីលានរៀល (ត្រូវជា ២.២% នៃចំណូលសរុប)។
ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ១,០២៣.៨ ប៊ីលានរៀល (ត្រូវជា ៤២.២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៧០៨.៧ ប៊ីលានរៀល (ត្រូវជា ២៩.២% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ៥៥៣.៦ ប៊ីលានរៀល (ត្រូវជា ២២.៨% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ១៤២.៥ ប៊ីលានរៀល (ត្រូវជា ៥.៩% នៃចំណូលសរុប)។
ដោយឡែក តួលេខទំហំពាណិជ្ជកម្មរបស់កម្ពុជាក្នុងរយៈពេល ៣ខែ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានបម្រែបម្រួលដូចជា៖ ការនាំចេញផលិតផលកាត់ដេរមានចំនួន ៣,១៥៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦២៧.៨ លានដុល្លារអាមេរិក ស្មើនឹង ២៤.៨%,ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ១,២១២.៩ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៣៥.២ លានដុល្លារអាមេរិក ស្មើនឹង ៣៨.២%,ការនាំចេញកសិផលសរុបមានតម្លៃ ១,១២៣.៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០៧.៤ លានដុល្លារអាមេរិក ស្មើនឹង ១០.៦% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ២៩៨.៩ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៧.២ លានដុល្លារអាមេរិក (៥.៤%), ការនាំចេញអង្ករមានតម្លៃ ១០៥.១ លានដុល្លារអាមេរិក ថយចុះប្រមាណ ៤.៧ លានដុល្លារអាមេរិក (៤.៣%), កៅស៊ូនាំចេញមានតម្លៃ ១០៣.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០.១ លានដុល្លារអាមេរិក (១០.៩%), និងកសិផលផ្សេងទៀតមានតម្លៃ ៦១៦.៣ លានដុល្លារអាមេរិក កើនឡើង ១១៩.១ លានដុល្លារអាមេរិក (២៤%)៕



អត្ថបទ៖ លីនី


