រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និង លើកទឹកចិត្តដល់វិនិយោគិនឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន
សេដ្ឋកិច្ច April 13, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និង លើកទឹកចិត្តដល់វិនិយោគិនឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ដើម្បីទាក់ទាញអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត។

តាមរយៈសារលិខិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២២នេះ កម្ពុជាក៏ដូចបណ្ដាប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហា សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់ កិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាផងដែរ។

សម្តេចតេជោ បន្តថា ក្នុងឆ្នាំ២០២១កន្លងទៅ សេដ្ឋកិច្ចកម្ពុជាមានកំណើន ប្រមាណ២,៤% ហើយសម្រាប់ឆ្នាំ២០២២នេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងអត្រា ៤,៨%។ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ច មានស្ថិរភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក។ ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង៤៥ ៥៧៦លានដុល្លារអាមេរិក ក្នុងនោះការនាំចេញមានប្រមាណជាង១៧ ៦៨២លានដុល្លារអាមេរិក។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបានទុនបម្រុងអន្តរជាតិបន្តកើនឡើងដល់២១៦ប៊ីលានដុល្លារ អាមេរិក។

សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និង លើកទឹកចិត្តដល់វិនិយោគិនឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលយើងបានរៀបចំការសម្រួល ពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមិនមានការរើសអើង។ ទន្ទឹមនេះ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលថ្មីៗ នេះនឹងរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។

សម្តេចតេជោ បន្តថា ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់កើនឡើងពី១ ៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដល់ប្រមាណ១ ៧៣០ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានរៀបចំ ប្រាក់ចំណូលជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបាននូវប្រាក់បៀវត្សអប្បបរមា កើនដល់ កម្រិតជាង១លាន១៧ម៉ឺនរៀល ហើយការបើកបៀវត្សបានអនុវត្តទាន់ពេលវេលាគឺបើក២ដងក្នុងមួយខែតាមប្រព័ន្ធធនាគារ៕

ប្រភព៖ ក្រសួងព័ត៌មាន