យន្តហោះឯកជនរាប់សិបគ្រឿងដែលជាកម្មសិទ្ធរបស់មហាសេដ្ឋីរុស្ស៊ីត្រូវបានហាមឃាត់មិនឱ្យចាកចេញនៅក្នុងទីក្រុងឌូបៃ បន្ទាប់ពីត្រូវបានគេហោះហើរទៅទីនោះដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម។ កាសែត The Wall Street Journal បានរាយការណ៍ថា យន្តហោះឯកជនជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ី ដែលបានហោះទៅកាន់ទីក្រុងឌូបៃ ដើម្បីស្វែងរកការជ្រកកោនពីការដាក់ទណ្ឌកម្ម បន្ទាប់ពីប្រទេសរុស្ស៊ីបានលុកលុយអ៊ុយក្រែនបានជាប់គាំងនៅទីនោះ។
យន្តហោះឯកជនដែលជាប់គាំងនោះមាន ជាង ១០០គ្រឿង ហើយបានចតនៅអាកាសយានដ្ឋានឌូបៃ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ បើយោងតាមគេហទំព័ររបស់ WINGX “ជាមួយនឹងជើងហោះហើរក្រៅប្រទេសចំនួន ៤៩ ក្នុងសប្តាហ៍ដំបូងនៃខែមីនា ការតភ្ជាប់រុស្ស៊ីទៅអារ៉ាប់រួម គឺមានភាពមមាញឹកជាងពេលមានការរាតត្បាតដល់ទៅ ៣ដង ប៉ុន្តែមានត្រឹមតែ ២/៣ នៃសកម្មភាពហោះចេញក្រៅក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ”។
ជាមួយគ្នានេះ រូបភាពពីផ្កាយរណបដែលថតដោយក្រុមហ៊ុនរូបភាពផែនដី Planet Labs ក៏បង្ហាញពីការប្រមូលផ្តុំនៃយន្តហោះឯកជនពីពាក់កណ្តាលខែកុម្ភៈដល់ដើមខែមេសាដែរ នេះបើយោងតាមកាសែត The Journal ។ ហើយតាមសារព័ត៌មានដដែល ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលយន្តហោះទាំងនេះហោះហើរទៅកាន់ទីក្រុងឌូបៃ ដើម្បីគេចពីការដាក់ទណ្ឌកម្ម ពួកវាបានជាប់គាំងនៅទីនោះ ដោយសារតែម្ចាស់យន្តហោះជនជាតិរុស្ស៊ីមិនអាចហោះហើរទៅកន្លែងណាផ្សេងបាន។
គួរបញ្ជាក់ផងដែរថា នៅពេលដែលរុស្ស៊ីវាយប្រហារអ៊ុយក្រែន បណ្តាប្រទេសលោកខាងលិចបានរួមគ្នាដាក់ទណ្ឌកម្មរុស្ស៊ីចំពោះសកម្មភាពរបស់ខ្លួន។ ការដាក់ទណ្ឌកម្មនេះមានគោលបំណងធ្វើឱ្យមានអស្ថិរភាពមិនត្រឹមតែសេដ្ឋកិច្ចរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ដាក់ទៅលើអ្នកមានសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


