តំលៃរថយន្តនៅរុស្សីឡើងថ្លៃ ៤០% ហើយចំនួននៃការលក់ធ្លាក់ចុះ ៦០% ក្រោយរងការដាក់ទណ្ឌកម្មរបស់ប្រទេសមួយចំនួន
សេដ្ឋកិច្ច April 7, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider បានឱ្យដឹងថា ការលក់រថយន្តរបស់រុស្ស៊ីបានធ្លាក់ចុះក្នុងខែមីនា ខណៈតម្លៃរថយន្តក៏ឡើងខ្ពស់ ដោយសារការដាក់ទណ្ឌកម្មប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ សារព៏ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនលក់រថយន្តធំជាងគេរបស់រុស្ស៊ីគឺ Rolf បានឃើញការលក់រថយន្តធ្លាក់ចុះ ៦០% ចាប់ពីខែកុម្ភៈដល់ខែមីនា ហើយយោងទៅតាមនាយកប្រតិបត្តិរបស់ខ្លួនគឺលោក Svetlana Vinogradova បានគេប៉ាន់ស្មានថានឹងធ្លាក់ចុះពាក់កណ្តាលនៅឆ្នាំនេះ។

ជាមួយគ្នានេះ Bloomberg ក៏បានរាយការណ៍ផងដែរថា តម្លៃរថយន្តបានកើនឡើងដល់ទៅ ៤០% កាលពីខែមុន។ លោក Anton Shaparin អនុប្រធានសហភាពរថយន្តជាតិបានប្រាប់ Bloomberg ថា ជាលទ្ធផលនៃទណ្ឌកម្មរបស់លោកខាងលិច រថយន្តអឺរ៉ុប និងជប៉ុន អាចត្រូវបានជំនួសដោយរថយន្តចិន និងឥណ្ឌានៅក្នុងប្រទេសរុស្ស៊ីវិញ។

គួរបញ្ជាក់ផងដែរថា ការផលិតរថយន្តរបស់រុស្ស៊ីត្រូវបានរងផលប៉ះពាល់រួចទៅហើយ មុនពេលខ្លួនលុកលុយទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ដែលមួយផ្នែកដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់បណ្ដាលមកពីជំងឺរាតត្បាត ដែលបានជះឥទ្ធិពលដល់ការផលិតរថយន្តទូទាំងពិភពលោក។ ជាមួយគ្នានេះ ការដាក់ទណ្ឌកម្មបានធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីចុះខ្សោយ ដោយ “ប្រាក់រូប” បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលក្រុមហ៊ុនរថយន្តពិភពលោកមួយចំនួនបានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេស៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider