ប្រទេសរុស្ស៊ី កំពុងងាកទៅរកការផលិតមីក្រូឈីបនៅក្នុងប្រទេសចិន ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចដែលបានជំរុញតម្រូវការសម្រាប់កាតធនាគារដែលភ្ជាប់ទៅនឹងប្រព័ន្ធទូទាត់ប្រាក់ Mir payment system។ លោក Oleg Tishakov សមាជិកក្រុមប្រឹក្សាភិបាលជាមួយប្រព័ន្ធទូទាត់កាតជាតិ (NSPK) បាននិយាយថា ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងកង្វះខាតមីក្រូឈីប ដោយសារក្រុមហ៊ុនផលិតនៅអាស៊ីបានផ្អាកការផលិត ចំពេលមានការរាតត្បាតនៃមេរោគឆ្លង ហើយអ្នកផ្គត់ផ្គង់នៅអឺរ៉ុបបានបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយទីក្រុងម៉ូស្គូ បន្ទាប់ពីការដាក់ទណ្ឌកម្ម។
លោក Tishakov បានប្រាប់សន្និសីទមួយកាលពីថ្ងៃអង្គារថា “យើងកំពុងស្វែងរកអ្នកផ្គត់ផ្គង់មីក្រូឈីបថ្មី ហើយបានរកឃើញ ចំនួនចំនួនពីរហើយនៅក្នុងប្រទេសចិន ដែលកំពុងប្រតិបត្តិការ”។ ទន្ទឹមនឹងនេះ ធនាគាររុស្ស៊ីធំៗទាំងអស់បានរាយការណ៍ពីតម្រូវការកើនឡើងសម្រាប់កាតក្នុងស្រុក ដែលចេញដោយសហការជាមួយ UnionPay របស់ចិន ដែលជាប្រព័ន្ធទូទាត់ជំនួស Visa និង MasterCard សម្រាប់ការទូទាត់ដោយជនជាតិរុស្ស៊ីនៅបរទេស។
កាត Mir ក៏ត្រូវបានទទួលយកដោយធនាគារមួយចំនួននៅក្នុងប្រទេស Turkey, Vietnam, Armenia, Uzbekistan, Belarus, Kazakhstan, Kyrgyzstan, Tajikistan, Georgia និងនៅតំបន់ដាច់ស្រយាលនៃ South Ossetia និង Abkhazia។ គួររម្លឹកថា ទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើរុស្ស៊ី ជុំវិញការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន បានកាត់ផ្តាច់ទីក្រុងមូស្គូចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងចេញពីប្រាក់បម្រុងមាស និងរូបិយប័ណ្ណបរទេសជិតពាក់កណ្តាលនៃចំនួន ៦៤០ ពាន់លានដុល្លារ។
ជាមួយគ្នានេះ ធនាគារធំៗមួយចំនួនរបស់រុស្ស៊ីលែងមានសិទ្ធិចូលប្រើប្រព័ន្ធផ្ញើសារធនាគារពិភពលោក SWIFT ទៀតហើយ ហើយប័ណ្ណទូទាត់អន្តរជាតិ Visa និង MasterCard ក៏បានឈប់បម្រើគណនីរុស្ស៊ីនៅបរទេសដែរ រួមជាមួយការតភ្ជាប់របស់ Mir ទៅ Apple Pay ក៏ត្រូវបានដកចេញកាលពីខែមុនផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


