កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានបង្ហាញលទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២២។ នៅក្នុងរបាយការណ៍នោះដែរ ឃើញថាក្នុងចំណោមផលិតផលនាំចេញទាំងអស់ ផ្លែស្វាយ និងផលិតផលធ្វើចេញពីផ្លែស្វាយ ឃើញថា ថយចុះគួរឱ្យកត់សម្គាល់។
ពាក់ព័ន្ធនឹងការធ្លាក់ចុះនេះ ឯកឧត្តម វេង សាខុន បានឱ្យដឹងតាមរយៈខមិននៅលើគណនីហ្វេសប៊ុករបស់គាត់ថា៖ “ការនាំចេញស្វាយថយចុះ គឺដោយសារជួបឧបសគ្គ ការដឹកជញ្ជូនផលិតផលកសិកម្ម ឆ្លងដែនរវាងប្រទេសវៀតណាម និងចិន ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ មានការត្រួតពិនិត្យតឹងតែង ។ មួយវិញទៀតការប្រកួតប្រជែងតម្លៃ នៅលើទីផ្សារប្រទេសចិន ដោយវិស័យឯកជនពិនិត្យឃើញថាមិនទទួលបានប្រាក់ចំណេញ ទាក់ទងទៅនឹងតម្លៃនៃការធ្វើប្រព្រឹត្តកម្ម វេចខ្ចប់ និងដឹកជញ្ជូន នៅកម្ពុជាមានតម្លៃខ្ពស់ រួមជាមួយនឹងតម្លៃដឹកជញ្ជូនចេញពីកម្ពុជា ទៅកាន់កំពុងផែនៃប្រទេសចិន។
សូមជម្រាបថា នៅក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៣ ៤៣៤ ០៧០,៦៣តោន ទៅកាន់ទិសដៅ ៥៧ប្រទេស គឺមានការកើនឡើងចំនួន ៣៤៤ ៨៦០,៧១តោន ស្មើនឹង ១១,១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ៣ ០៨៩ ២០៩,៩២តោន។
ប៉ុន្តែក្នុងនោះការនាំចេញផ្លែស្វាយស្រស់មានចំនួន ៨១ ៤១៨,០៧តោន (ថយចុះចំនួន -២០,៧៣%) ដំណាប់ស្វាយមានចំនួន ៥ ១៣៦,២៧តោន (ថយចុះចំនួន -១៣,៤៣%) និងទឹកស៊ីរ៉ូស្វាយមានចំនួន ៤០៣,៤២តោន (ថយចុះចំនួន -៧៥,៦៧%)៕



អត្ថបទ៖ លីនី


