ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានបង្កកទ្រព្យសម្បត្តិរបស់អង្គភាពចំនួន ២១ និងបុគ្គលចំនួន ១៣នាក់ផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ក្រាបបណ្តាញនានា ដែលត្រូវបានបង្កើតឡើងដើម្បីគេចពីការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី។
នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គភាពចំនួន ២១ និងបុគ្គលចំនួន ១៣នាក់ដែលត្រូបានដាក់បន្ថែមនៅក្នុងបញ្ជីរួមមាន ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ ដែលទិញឧបករណ៍ និងបច្ចេកវិទ្យាយោធា។ បញ្ជីនេះក៏រាប់បញ្ចូលទាំងក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់រុស្ស៊ីផងដែរ។
គួរបញ្ជាក់ថា កាលពីខែមុន នាយកដ្ឋានបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនរដ្ឋ និងបុគ្គលដែលគាំទ្រផ្ទាល់ដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងបន្តកំណត់គោលដៅក្បាលម៉ាស៊ីនសង្រ្គាមរបស់ប្រធានាធិបតី ពូទីន ជាមួយនឹងការដាក់ទណ្ឌកម្មពីគ្រប់ជ្រុងជ្រោយ រហូតដល់សង្រ្គាមត្រូវបានបញ្ចប់”៕



អត្ថបទ៖ លីនី
ប្រភព៖ nhk


