ជួយឥតល្ហែ! ឃើញស្ថានភាពលំបាក ជប៉ុន​ ប្រកាស​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ថែមទៀត ​ដល់​ជនភៀសខ្លួន​អ៊ុយក្រែន
សេដ្ឋកិច្ច April 1, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ភួយ បន្ទះប្លាស្ទិក និងការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ផ្សេងទៀតសម្រាប់ប្រជាជនដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ រដ្ឋាភិបាលបានកត់សម្គាល់ថា មនុស្សជាង ១០លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេស ឬឆ្លងចូលទៅក្នុងប្រទេសជិតខាងចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ដោយមើលឃើញពីស្ថានភាពនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តផ្តល់ការផ្គត់ផ្គង់ដោយឥតគិតថ្លៃ តាមរយៈទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ដែលកំពុងតែជួយជនភៀសខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ប៉ូឡូញ រូម៉ានី ហុងគ្រី ម៉ុលដាវី និងស្លូវ៉ាគី។ ផែនការនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ដោយប្រទេសជប៉ុននឹងផ្តល់ភួយចំនួន ៥,០០០ បន្ទះ​ប្លាស្ទិកចំនួន ៤,៥០០ និងកម្រាលពូកចំនួន ៨,៥០០ ស្របតាមច្បាប់ប្រតិបត្តិការរក្សាសន្តិភាព។

ទន្ទឹមនឹងនេះ ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសជប៉ុននឹងពង្រីកជំនួយដល់ប្រជាជនអ៊ុយក្រែនដែលកំពុងប្រឈមមុខនឹងវិបត្តិជាតិ និងប្រទេសជិតខាងដែលកំពុងទទួលជនភៀសខ្លួន ដោយមានការសម្របសម្រួលជាមួយក្រុមប្រទេសចំនួនប្រាំពីរ និងសមាជិកដទៃទៀតនៃសហគមន៍អន្តរជាតិ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk