រុស្ស៊ីយ៉ាប់ហើយ ខណៈរដ្ឋាភិបាលជប៉ុន នឹង​ដំឡើង​ពន្ធលើការនាំចូលរបស់​រុស្ស៊ី ថែមទាំងដកចេញពីឋានៈ​ពាណិជ្ជកម្ម​អនុគ្រោះទៀត
សេដ្ឋកិច្ច March 31, 2022 Khmernote

រដ្ឋាភិបាលជប៉ុនគ្រោងនឹងដាក់ពង្រាងច្បាប់មួយ ដែលនឹងដំឡើងពន្ធលើការនាំចូលរបស់រុស្ស៊ីមួយចំនួន និងដកទីក្រុង​ម៉ូស្គូ​ចេញ​ពី​ឋានៈ​ជា “ប្រទេស​ដែល​ពេញចិត្ត​បំផុត” ឬ “ឋានៈពាណិជ្ជកម្មអនុគ្រោះ” ដែលនេះជាផ្នែកមួយនៃការដាក់ទណ្ឌកម្មបន្ថែមលើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

សេចក្តីព្រាងច្បាប់ វិសោធនកម្មនេះ នឹងត្រូវបង្ហាញដល់សម័យប្រជុំពិសេសនាពេលបច្ចុប្បន្ននេះ ដោយនៅពេលដែលសេចក្ដីព្រាងច្បាប់នេះក្លាយជាច្បាប់ ពន្ធលើត្រី salmon និងពងត្រី salmon របស់រុស្ស៊ីនឹងកើនឡើងពី ៣.៥ ភាគរយទៅ ៥ភាគរយ។ ចំពោះ​ក្តាម​វិញ​ពន្ធ​មាន​ចាប់ពី​ ៤​ភាគរយ​ទៅ​ ៦​ភាគរយ​។

ដោយឡែកពន្ធលើផលិតផលឈើភាគច្រើននឹងកើនឡើងពី ៤.៨ ភាគរយទៅ ៨ភាគរយ ហើយអត្រាខ្ពស់ជាងនេះត្រូវបានគេរំពឹងថានឹងមានរហូតដល់ចុងខែមីនាឆ្នាំក្រោយ។ ទោះជាយ៉ាងណាក្ដី វិធានការដែលបានស្នើឡើង នឹងមិនប៉ះពាល់ដល់ឧស្ម័នធម្មជាតិរាវ ធ្យូងថ្ម ប្រេងឆៅ និងលោហៈដ៏មានតម្លៃ palladium ទេ ព្រោះវាមិនមានពន្ធ។

គួរបញ្ជាក់ផងដែរថា ឋានៈ “ប្រទេសដែលពេញចិត្តបំផុត” គឺជាគោលការណ៍មួយដែលបានកំណត់ដោយអង្គការពាណិជ្ជកម្មពិភពលោក។ជាមួយគ្នានេះ ជប៉ុន​កំពុង​ចាត់​វិធានការ​រួម​ជាមួយ​ក្រុម​ប្រទេស​ចំនួន​ប្រាំពីរ​ផ្សេង​ទៀត ដើម្បី​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​រុស្ស៊ី៕

អត្ថបទ៖ លីនី
ប្រភព៖ nhk