ប្រសើរមែនទែន! ទឹកឃ្មុំព្រៃមណ្ឌលគិរីត្រូវបានចុះបញ្ជីផ្លូវការជាផលិតផលសម្គាល់ភូមិសាស្ត្រហើយ
សេដ្ឋកិច្ច March 30, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ទឹកឃ្មុំព្រៃមណ្ឌលគិរីត្រូវបានចុះបញ្ជីផ្លូវការជាផលិតផលសម្គាល់ភូមិសាស្ត្រ ដែលនេះចូលរួមចំណែកបង្កើនប្រាក់ចំណូលដល់សមាជិកនៃសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី ក្នុងការលើកស្ទួយជីវភាពរបស់ពួកគាត់បន្ថែមទៀត។

ថ្លែងក្នុងពិធីសម្ពោធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ ខេត្តមណ្ឌលគិរីនិយាយជារួម និងសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើនិយាយដោយឡែក ដែលទឹកឃ្មុំព្រៃ ផលិតផលមូលដ្ឋានរបស់ខ្លួនត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅពេលនេះ។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា នេះគឺជាមោទកភាពសម្រាប់បងប្អូនសហគមន៍មូលដ្ឋាន និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទទួលស្គាល់គុណភាពនៃទឹកឃ្មុំព្រៃមណ្ឌលគិរី និងចូលរួមបង្កើនប្រាក់ចំណូលដល់សមាជិកនៃសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី ក៏ដូចជាជួយលើកស្ទួយជីវភាពរបស់ពួកគាត់បន្ថែមទៀត។

ឯកឧត្តម រដ្ឋលេខាធិការ បានបានឱ្យដឹងថា ក្នុងចំណោមសមាជិកចំនួន ១០ នៃសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី ក្នុងនោះមានតំបន់ការពារធម្មជាតិចំនួន ៥ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ក្រោមការគាំទ្រផ្នែកបច្ចេកទេសពីអង្គការដៃគូ និងម្ចាស់ជំនួយ សហគមន៍តំបន់ការពារធម្មជាតិទាំង នេះ បាននិងកំពុងទាញយកនិងកែច្នៃនូវផលអនុផលព្រៃឈើប្រកបដោយនិរន្តរភាព ដោយបានប្រើប្រាស់បច្ចេកទេសប្រកបដោយមេត្រីភាពបរិស្ថាន ដើម្បីរកចំណូល អភិវឌ្ឍជីវភាព និងការចិញ្ចឹមជីវិតក្រុមគ្រួសារខ្លួនឱ្យមានភាពប្រសើរឡើង។ ពលរដ្ឋមានការងារធ្វើ មានចំណូល ប្រចាំថ្ងៃ និងមានជីវភាពធូរធារនឹងធ្វើឱ្យពួកគាត់កាន់តែមានការយល់ច្បាស់ និងចូលរួមកាន់តែសកម្មថែមទៀតក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាប្រភពមិនចេះរីងស្ងួតនៃការទាញយកផលនិងអនុផលព្រៃឈើប្រកបដោយបច្ចេកទេសដើម្បីគាំទ្រជីវភាពខ្លួន។ ក្រសួងបរិស្ថានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងពាណិជ្ជកម្ម ជាពិសេសឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តួចផ្តើមគំនិត និងសម្រេចចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ដែលនឹងធ្វើឱ្យទឹកឃ្មុំព្រៃមណ្ឌលគិរីកាន់តែមានតម្លៃ មានកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺសក្តិសមនឹងគុណភាព ដ៏ល្អនៃទឹកឃ្មុំព្រៃ និងជាពិសេសនឹងអាចការពារកម្មសិទ្ធិបញ្ញាទឹកឃ្មុំព្រៃនេះផងដែរ។

ក្រសួងបរិស្ថាន សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមការពារនិងអភិរក្សព្រៃឈើ សត្វព្រៃ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទាំងអស់គ្នា។ ប្រជាពលរដ្ឋត្រូវផ្លាស់ប្តូរមុខរបរដែលធ្លាប់បរបាញ់សត្វមកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់ ប្រឈមនឹងទោសទណ្ឌចំពោះមុខច្បាប់៕

ប្រភព៖ ក្រសួងព័ត៌មាន