មន្ត្រីពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃចន្ទបាននិយាយថា ពួកគេនឹងចាប់ផ្តើមការស៊ើបអង្កេត ដែលអាចបណ្តាលឱ្យមានការយកពន្ធលើបន្ទះស្រូបពន្លឺព្រះអាទិត្យ (solar panels) ដែលនាំចូលពីប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន។ ការស៊ើបនេះ នឹងប៉ះទង្គិចដល់អ្នកអភិវឌ្ឍន៍គម្រោងថាមពលស្អាត ដែលពឹងផ្អែកលើការនាំចូលក្នុងតម្លៃថោកដើម្បីរក្សាការចំណាយ។
ការសម្រេចរបស់របស់ក្រសួងពាណិជ្ជកម្មទាក់ទងនឹងការនាំចូលពីប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា គឺកើតឡើងនៅពេលដែលក្រុមហ៊ុន Auxin Solar បានធ្វើការស្នើសុំ។ ក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យដែលមានមូលដ្ឋាននៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំនេះ បានស្នើសុំការស៊ើបអង្កេតដោយលើកហេតុផលថា ក្រុមហ៊ុនផលិតរបស់ចិនបានផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសទាំងនោះដើម្បីចៀសវាងការបង់ពន្ធរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជិតមួយទសវត្សរ៍លើទំនិញថាមពលពន្លឺព្រះអាទិត្យដែលផលិតនៅប្រទេសចិន។
ទោះបីជាយ៉ាងនេះក្ដី ក្រុមពាណិជ្ជកម្មឧស្សាហកម្មថាមពលព្រះអាទិត្យបាននិយាយថា ការស៊ើបដោយសារតែការស្នើរបស់ក្រុមហ៊ុនតែមួយនោះ នឹងរារាំងការអភិវឌ្ឍន៍គម្រោងភ្លាមៗ ហើយក៏ប៉ះពាល់ដល់វឌ្ឍនភាពរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ខណៈប្រធានាធិបតី Joe Biden បានកំណត់គោលដៅកាត់បន្ថយវិស័យអគ្គិសនីរបស់សហរដ្ឋអាមេរិកចេញពីឥន្ធនៈហ្វូស៊ីលនៅឆ្នាំ ២០៣៥ ដែលជាគោលដៅដែលអាចជំរុញថាមពលពន្លឺព្រះអាទិត្យដើម្បីផ្គត់ផ្គង់ដល់ទៅ ៤០% នៃតម្រូវការអគ្គិសនីរបស់ប្រទេស ពោលគឺកើនឡើងពី ៣% នាពេលបច្ចុប្បន្ន។
យ៉ាងណាមិញនៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយថា នាយកដ្ឋាននឹង “ធ្វើការស៊ើបអង្កេតដោយបើកចំហ និងតម្លាភាព”។ ជាមួយគ្នានោះនាយកដ្ឋានពាណិជ្ជកម្មនឹងចេញសេចក្តីសម្រេចបឋមក្នុងរយៈពេល ១៥០ថ្ងៃ។ គួរបញ្ជាក់ផងដែរថា ការនាំចូលពីប្រទេសទាំងបួនខាងលើមានចំនួនប្រហែល ៨០% នៃបន្ទះដែលរំពឹងថា នឹងត្រូវបានដំឡើងនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំនេះ នេះបើយោងតាមក្រុមឧស្សាហកម្មថាមពលស្អាតរបស់អាមេរិក៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


