ក្រសួងសាធារណការ រកចំណូលបាន ៧០លានដុល្លារអាមេរិក ពីការលក់ស្លាកលេខពិសេសចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២
សេដ្ឋកិច្ច March 29, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបាន ៧០លានដុល្លារអាមេរិក ពីការលក់ស្លាកលេខពិសេស ចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២។ តួលេខនេះត្រូវបានបង្ហាញដោយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ជំនាន់ទី២ ( techinspection.mpwt.gov.kh ) នៅរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

នៅក្នុងពិធីឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ “ប្រាក់ចំណូលពីការលក់ស្លាកលេខពិសេសក្នុងឆ្នាំ២០២១ មានចំនួន ១៦.៨ លានដុល្លារអាមេរិក កើនឡើងប្រហែល ៩%ភាគរយបើធៀបនឹងឆ្នាំ២០២០”។ សូមបញ្ជាក់ថា ចាប់ផ្តើមនៅឆ្នាំ២០១៦ ការចុះបញ្ជីផ្លាកលេខពិសេសមានតម្លៃខ្ពស់ជាងប្រភេទធម្មតា ហើយម្ចាស់អាចរក្សាស្លាកលេខបាននៅពេលលក់រថយន្ត៕

ប្រភព៖ ក្រសួងព័ត៌មាន