លោក Joe Biden នឹងយកពន្ធពីអ្នកមានបង្កើនជំនួយជួយដល់អ៊ុយក្រែន និងស្ដាសេដ្ឋកិច្ចជាតិ
សេដ្ឋកិច្ច March 29, 2022 Khmernote

សហរដ្ឋអាមេរិក នឹងយកពន្ធពីអ្នកមានទ្រព្យច្រើន ដើម្បីបង្កើនជំនួយដល់អ៊ុយក្រែន អនុវត្តគោលនយោបាយ និងស្ដារសេដ្ឋកិច្ចពីជំងឺរាតត្បាតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ លោក Joe Biden កាលពីថ្ងៃច័ន្ទ ទី២៨ ម្សិលមិញនេះ បានបង្ហាញសំណើថវិកាចំនួន ៥.៨ពាន់ទ្រីលានដុល្លារ ដើម្បីចំណាយសម្រាប់គោលនយោបាយជាច្រើនរបស់គាត់។

ប្រធានាធិបតីរូបនេះ បានមានប្រសាសន៍ថា “ផែនការរបស់រដ្ឋបាលរបស់លោក បង្ហាញយ៉ាងច្បាស់ថា យើងឱ្យតម្លៃលើការទទួលខុសត្រូវសារពើពន្ធ សុវត្ថិភាព និងសន្តិសុខនៅក្នុងផ្ទះ និងជុំវិញពិភពលោក ហើយការវិនិយោគដែលត្រូវការដើម្បីបន្តកំណើនប្រកបដោយសមធម៌របស់យើង និងកសាងអាមេរិកឱ្យកាន់តែប្រសើរឡើង”។

លោក Biden ក៏បានបញ្ជាក់ផងដែរថា ក្នុង​ចំណោម​ការ​ផ្តល់​របស់​ខ្លួន ​គឺ​​ថវិកា​ចំនួន ៦.៩ ពាន់​លាន​ដុល្លារនឹងផ្ដល់ឱ្យ​អ៊ុយក្រែន​សម្រាប់​ជួយ​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ព្រម​ទាំង​ជួយ​ដល់​អង្គការ​ណាតូ។ ជាមួយគ្នានេះ ១ពាន់លានដុល្លារអាមេរិកផ្សេងទៀតនឹងប្រើឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ទីក្រុងម៉ូស្គូ។

បើក្រលេកទៅមើលការយកពន្ធពីអ្នកមានវិញ លោក Biden ក៏បានស្នើសុំពន្ធអប្បបរមាលើប្រាក់ចំណូលរបស់អ្នកជាប់ពន្ធដែលរកបានច្រើនជាង ១០០លានដុល្លារអាមេរិក ដែលធ្វើតាមការចង់បានរបស់គណបក្សប្រជាធិបតេយ្យ ដែលបានអំពាវនាវឱ្យយកពន្ធលើអ្នកមានជាមធ្យោបាយដោះស្រាយវិសមភាព។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពន្ធអប្បបរមានេះនឹងអនុវត្តចំពោះតែ ០.០១% នៃគ្រួសារដែលមានទ្រព្យសម្បត្តិបំផុត – អ្នកដែលមានច្រើនជាង ១០០លានដុល្លារអាមេរិក – ហើយជាងពាក់កណ្តាលនៃប្រាក់ចំណូលនឹងយកតែពីមហាសេដ្ឋីតែប៉ុណ្ណោះ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia