កាសែត NZZ am Sonntag របស់ប្រទេសស្វីសបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ភ្នាក់ងារសម្ងាត់រុស្ស៊ីបានរឹបអូសនាឡិកាប្រណិតតម្លៃរាប់លានដុល្លារពីក្រុមហ៊ុនផលិតនាឡិកាស្វីស ដែលជាការសងសឹកភ្លាមៗប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសស្វីសចំពោះរុស្ស៊ីលើសង្គ្រាមអ៊ុយក្រែន។
តាមប្រភពដដែល នាឡិកាទាំងនេះត្រូវបានរឹបអូសពីក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុករបស់ Audemars Piguet ក្នុងទីក្រុងមូស្គូកាលពីដើមខែនេះ។ ទោះបីជាអាជ្ញាធររុស្ស៊ីបានលើកឡើងពីបទល្មើសគយសម្រាប់ការរឹបអូសនាឡិកាក៏ដោយ ប៉ុន្តែក្រសួងការបរទេសរបស់ប្រទេសស្វីសបាននិយាយនៅក្នុងលិខិតសម្ងាត់មួយថា វាទំនងជា “វិធានការបង្ក្រាបតាមអំពើចិត្តក្នុងប្រតិកម្មទៅនឹងទណ្ឌកម្ម” នេះបើតាម NZZ am Sonntag ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រទេសស្វីសបានចាកចេញពីស្ថានភាពអព្យាក្រឹតជាប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែន។ ការរឹតបន្តឹងរួមមានការហាមឃាត់ការនាំចេញទំនិញប្រណិតទៅកាន់ប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ ដែរ Audemars Piguet គឺជាអ្នកផលិតនាឡិកាដែលមានអាយុកាលជិត១៥០ឆ្នាំ ដោយនាឡិកាប្រណិតរបស់ម៉ាកនេះជាធម្មតាមានតម្លៃរាប់ម៉ឺនដុល្លារ ហើយប្ប្រទេសរុស្ស៊ី គឺជាទីផ្សារធំបំផុតទី១៧ សម្រាប់ការនាំចេញនាឡិកាស្វីសក្នុងឆ្នាំ២០២១ ដែលស្មើនឹង ២៦០.១ លានហ្វ្រង់ (២៧៨.៦ លានដុល្លារ) នៃការនាំចេញនេះបើយោងតាមសហព័ន្ធនៃឧស្សាហកម្មនាឡិកាស្វីស៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


