យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឱ្យដឹងថា តម្រូវការបន្លែ ផ្លែឈើវៀតណាមកើនខ្លាំងនៅបរទេស។ ការកើនឡើងនេះ គឺដោយសារការនាំចេញផ្លែឈើ និងបន្លែទៅកាន់ប្រទេសចិនប្រឈមមុខនឹងការលំបាក ធ្វើឱ្យសហគ្រាសវៀតណាមជាច្រើនបានចំណាយប្រាក់រាប់រយលានដុល្លារដើម្បីវិនិយោគលើប្រព័ន្ធ និងរោងចក្រកែច្នៃដើម្បីលក់ផលិតផលរបស់ពួកគេនៅអឺរ៉ុប និងអាមេរិកវិញ។
លោក Nguyen Lam Vien អគ្គនាយកក្រុមហ៊ុន Vinamit Joint Stock Company បាននិយាយថា ប្រទេសចិនកាន់តែមានភាពតឹងរ៉ឹងក្នុងការត្រួតពិនិត្យគុណភាព តាមដាន ការវេចខ្ចប់។ គោលនយោបាយ “សូន្យកូវីដ” របស់ពួកគេធ្វើឱ្យមានការលំបាកសម្រាប់អ្នកនាំចេញផ្លែឈើ និងបន្លែជាច្រើន។ ជាមួយគ្នានេះ លោក Nguyen Van Thu អគ្គនាយកក្រុមហ៊ុន GC Food Joint Stock Company (GC Food) បាននិយាយថា យើងប្តេជ្ញាវិនិយោគតាមវិធីសាស្ត្រពីតំបន់វត្ថុធាតុដើមរហូតដល់ដំណាក់កាលកែច្នៃ ដើម្បីចូលទៅក្នុងទីផ្សារថ្មី។
គួរឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក ការនាំចេញផ្លែឈើ និងបន្លែ របស់ក្រុមហ៊ុនទៅកាន់សហភាពអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំង ជាពិសេសក្រូចថ្លុង ដូង និងផ្លែស្រកានាគ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនកំពុងរៀបចំផែនការពង្រីកផលិតផលបន្ថែមទៀតចូលទៅក្នុងផ្សារទំនើបរបស់សហភាពអឺរ៉ុប។
ជាមួយគ្នានេះ ការនាំចេញបន្លែ និងផ្លែឈើទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងជិត ៧០% ដែលឈានដល់ ៤៦លានដុល្លារ។ ក្នុងនោះកូរ៉េខាងត្បូងបានកើនឡើងជិត ៣២ភាគរយ ឈានដល់ ២៥លានដុល្លារ ហើយប្រទេសជប៉ុនបានកើនឡើង ១២ភាគរយដែលឈានដល់២៣លានដុល្លារ។ ការនាំចេញបន្លែ និងផ្លែឈើទៅប្រទេសអូស្ត្រាលីបានកើនឡើង ៤៥.៧% ខណៈប្រទេសហូឡង់កើនឡើង ៥១.៥%៕
អត្ថបទ៖ លីនី
ប្រភព៖ nationthailand


