ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យប្រទេសដែលសម្បូរថាមពល បង្កើនទិន្នផលរបស់ពួកគេ ដើម្បីកុំឱ្យប្រទេសដទៃទៀត ពឹងផ្អែកលើតែប្រទេសរុស្ស៊ី សម្រាប់ការផលិតថាមពល។ ការលើកឡើងរបស់មេដឹកនាំអ៊ុយក្រែន ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិវេទិកាក្រុងដូហា កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ។
លោក Zelensky បាននិយាយថា ប្រទេសដូចជាប្រទេសកាតា អាចធ្វើឱ្យមានការផ្លាស់ប្តូរប្រសិនបើពួកគេបង្កើនការផលិតថាមពល។ លោកបានបន្តថា៖ ” ពួកគេអាចធ្វើបានច្រើនដើម្បីស្ដារយុត្តិធម៌។ អនាគតនៃទ្វីបអឺរ៉ុបអាស្រ័យលើការខិតខំប្រឹងប្រែងរបស់អ្នក។ ខ្ញុំសុំឱ្យអ្នកបង្កើនទិន្នផលថាមពល ដើម្បីធានាថាមនុស្សគ្រប់គ្នានៅក្នុងប្រទេសរុស្ស៊ីយល់ថា គ្មានប្រទេសណាអាចប្រើប្រាស់ថាមពលជាអាវុធ និងបំផ្លាញពិភពលោកបានទេ”។
គួរបញ្ជាក់ផងដែរថា រុស្ស៊ីជាប្រទេសផលិតថាមពលកំពូលមួយដែលផ្គត់ផ្គង់ប្រេង ៤០% ទៅដល់អឺរ៉ុប។ បន្ទាប់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ីពីសំណាក់ប្រទេសលោកខាងលិច រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា “បណ្តាប្រទេសដែលមិនរួសរាយរាក់ទាក់” ឬ “ប្រទេសអមិត្ត” នឹងត្រូវចំណាយថ្លៃប្រេងឥន្ធនៈជាប្រាក់ “រូប” ដែលធ្វើឲ្យតម្លៃកើនឡើងនៅក្នុងប្រទេសអឺរ៉ុបផ្សេងទៀត៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


