រដ្ឋាភិបាលថៃ ព្រមានថាការប្រមូលផល និងលក់ទុរេនមិនទាន់ទុំ អាចប្រឈមមុខជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ
សេដ្ឋកិច្ច March 26, 2022 Khmernote

រដ្ឋាភិបាលថៃ ព្រមានដល់ម្ចាស់ចំការ អ្នកលក់ និងឈ្មួញកណ្ដាល នៃដំណាំទុរេនដែលប្រមូលផលទុរេនមិនទុំ អាចប្រឈមមុខជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។ អាជ្ញាធរថៃបានចេញសេចក្តីថ្លែងការណ៍មួយ ដោយក្រើនរំលឹកអ្នកលក់ថា វាជាបទល្មើសព្រហ្មទណ្ឌ ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់បីឆ្នាំ ក្នុងគោលបំណងបង្អាក់ការអនុវត្តការប្រមូលផល និងលក់ទុរេនមិនទាន់ទុំ។

ក្រសួងកសិកម្ម និងសហករណ៍កាលពីថ្ងៃសុក្របានប្រាប់អ្នកដាំធុរេន អ្នកបេះ និងឈ្មួញកណ្តាលថា វាផ្ទុយនឹងច្បាប់ក្នុងការលក់ទុរេនដែលមិនទាន់ទុំពេញលេញ ហើយជនល្មើសដែលនៅតែអនុវត្តដដែលៗ នឹងត្រូវប្រឈមមុខនឹងការពិន័យកាន់តែធ្ងន់ធ្ងរ។ យោងតាមក្រមព្រហ្មទណ្ឌ អ្នកលក់ណាដែលបោកបញ្ឆោតអ្នកទិញអំពីប្រភពដើម ធម្មជាតិ គុណភាព ឬបរិមាណនៃទំនិញ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ និង/ឬពិន័យជាប្រាក់អតិបរមា ៦០,០០០បាត (ប្រមាណ ១៧០០ដុល្លារ)។

ជាមួយគ្នានេះដែរ ច្បាប់ការពារអ្នកប្រើប្រាស់ក៏ហាមឃាត់អ្នកលក់មិនឱ្យផ្តល់ព័ត៌មានមិនពិតអំពីប្រភព លក្ខខណ្ឌ គុណភាព ឬខ្លឹមសារនៃទំនិញ ឬសេវាកម្ម។ ប្រសិនបើរកឃើញថា មានពិរុទ្ធជនល្មើសនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំមួយខែ និង/ឬពិន័យជាប្រាក់មិនលើសពី ១០០,០០០បាត (ប្រមាណ ៣ពាន់ដុល្លារ)។ យោងតាមច្បាប់នេះ ជនល្មើសដែលប្រព្រឹត្តដដែលៗនឹងត្រូវប្រឈមមុខនឹងការពិន័យពីរដង។

គួរឱ្យដឹងថា វិធានការទាំងនេះ គឺដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃថា ជាប្រភពដ៏ល្អបំផុតសម្រាប់ទុរេន ដែលត្រូវបានគេហៅថា “ស្តេចផ្លែឈើ” ខណៈប្រទេស​ថៃ​ទទួល​បាន​ប្រាក់​រាប់​ពាន់​លាន​បាត​ជា​រៀង​រាល់​ឆ្នាំ​ពី​ការ​នាំ​ចេញ​ទុរេន៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand