អាមេរិក ហាមប្រជាជនមិនឱ្យទិញ ឬ ធ្វើប្រតិបត្តិការផ្សេងៗទាក់ទងនិងមាសរបស់រុស្ស៊ីឡើយ
សេដ្ឋកិច្ច March 25, 2022 Khmernote

ប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញបទបញ្ជាហាមឃាត់ពលរដ្ឋខ្លួន មិនឱ្យទិញ ឬ ធ្វើប្រតិបត្តិការផ្សេងៗទាក់ទងនិងមាសរបស់រុស្ស៊ីឡើយ។ ប្រតិបត្តិការមាសរវាងជនជាតិអាមេរិក និងរុស្ស៊ីត្រូវបានហាមឃាត់ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលបានលើកឡើងពីបទបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាដោយប្រធានាធិបតី Joe Biden ។

នាយកដ្ឋានរតនាគារបាននិយាយថា៖ “ប្រជាជនអាមេរិកត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងប្រតិបត្តិការណាមួយ – រួមទាំងប្រតិបត្តិការទាក់ទងនឹងមាស – ពាក់ព័ន្ធនឹងធនាគារកណ្តាលនៃសហព័ន្ធរុស្ស៊ី មូលនិធិទ្រព្យសម្បត្តិជាតិនៃសហព័ន្ធរុស្ស៊ី ឬក្រសួងហិរញ្ញវត្ថុនៃសហព័ន្ធរុស្ស៊ី” ។

ការជូនដំណឹងនេះ បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​សម្រាប់​រូបិយប័ណ្ណ​របស់​ប្រទេស​រុស្ស៊ី ដែល​អាច​ត្រូវ​បាន​ជំរុញ​អោយងើបឡើងវិញដោយ​ការ​លក់​មាស​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ប្រទេស​នេះ។ រូបិយប័ណ្ឌ ​”រូប” បាន​ធ្លាក់​ចុះ​ខណៈ​អាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​ចេញ​បម្រាម​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លើ​រុស្ស៊ី​សម្រាប់​ការ​ចាប់ផ្តើម​សង្រ្គាម​ប្រឆាំង​នឹង​អ៊ុយក្រែន​កាលពីខែមុន។

គួរឱ្យដឹងថា ប្រទេសរុស្ស៊ីកាន់កាប់ឃ្លាំងមាសដ៏ធំបំផុតទីប្រាំរបស់ពិភពលោក ដោយការកាន់កាប់លោហៈដ៏មានតម្លៃប្រហែល ២,៣០០ តោននាពេលថ្មីៗនេះមានតម្លៃជិត ១៤០ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះដែរ ប្រទេស​នេះ​បាន​និង​កំពុង​ពង្រីក​ឃ្លាំង​ស្តុក​មាស​របស់​ខ្លួន​ក្នុង​គោល​បំណង​ធ្វើ​ជា​គោលនយោបាយ​ធានា​រ៉ាប់រង​សេដ្ឋកិច្ច​សម្រាប់​ប្រទេស៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo