ឯកអគ្គរាជទូតអ៊ុយក្រែន ប្រចាំប្រទេសជប៉ុនបានស្នើសុំជំនួយស្បៀងអាហារបន្ថែម ក៏ដូចជាជំនួយផ្នែកកសិកម្មពីប្រទេសជប៉ុន។ ឯកអគ្គរដ្ឋទូត Sergiy Korsunsky បានធ្វើសំណើនេះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន លោក Kaneko Genjiro កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅថ្មីៗនេះ។
លោក Korsunsky បានពន្យល់ថា អ៊ុយក្រែនបានបន្តអភិវឌ្ឍជាប្រទេសកសិកម្ម ប៉ុន្តែសង្រ្គាមដែលកំពុងបន្តបានបង្កើតហានិភ័យដល់ការផ្គត់ផ្គង់ស្បៀងអាហាររបស់ខ្លួន ដោយបង្វែរអ៊ុយក្រែនពីអ្នកផ្គត់ផ្គង់ស្បៀងពិភពលោកទៅជាអ្នកទទួលវិញម្ដង។ ជាមួយគ្នានេះ មន្រ្តីក្រសួងនិយាយថា លោក Korsunsky បានស្នើសុំជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ ក៏ដូចជាគ្រាប់ពូជ ជី និងសម្ភារៈផ្សេងទៀតដែលត្រូវការសម្រាប់ការដាំដុះ។
យ៉ាងណាមិញ មន្រ្តីខាងប្រទេសជប៉ុន បានប្រាប់ថា រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន លោក Kaneko នឹងពិចារណាសំណើរបស់អ៊ុយក្រែន ហើយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា ការរំខានដល់ការដាំដុះនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាប្រទេសផលិតស្រូវសាលីដ៏ធំបំផុតមួយរបស់ពិភពលោក នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក៕
![]()

អត្ថបទ៖ លីនី
ប្រភព៖ nhk


