កាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះ លោក Aliko Dangote ដែលជាអ្នកមានបំផុតនៅទ្វីបអាហ្រ្វិក បានបើករោងចក្រជីដ៏ធំបំផុតរបស់ទ្វីបនៅក្នុងប្រទេសនីហ្សេរីយ៉ា។ មហាសេដ្ឋីរូបនេះ បានប្រាប់សារព័ត៌មាន CNN ថា មនុស្សគ្រប់គ្នាកំពុងសុំឱ្យយើងលក់ជីឱ្តពួកគេ ខណៈដែលការដាក់ទណ្ឌកម្មប្រឆាំងលើរុស្ស៊ីរំខានការផ្គត់ផ្គង់។
មហាសេដ្ឋីវ័យ ៦៤ឆ្នាំបានប្រាប់ទៀតថា “យើងមានសំណាងដែលមានរោងចក្រនេះ ហើយវាកើតឡើងក្នុងពេលវេលាដ៏អស្ចារ្យបំផុតគឺចំពេលមានជម្លោះអ៊ុយក្រែន និងរុស្ស៊ី ខណៈដែលទាំងអ៊ុយក្រែន និងរុស្ស៊ីគ្រប់គ្រងបរិមាណធាតុចូលកសិកម្មដ៏ច្រើន”។ ជាក់ស្ដែងការបើករោងចក្រជី Dangote កើតឡើងចំពេលមានការធ្លាក់ចុះនៃការផ្គត់ផ្គង់ជីដំណាំ ដោយសារតែការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីដែលមានចំនួនស្ទើរតែមួយភាគប្រាំនៃឆ្នាំ២០២១ លើការនាំចេញជី នេះបើយោងតាម Trade Data Monitor និង Bloomberg’s Green Markets ។
ជាមួយគ្នានេះ រុស្សីក៏ជាប្រទេសនាំចេញកំពូលមួយនៅក្នុងធាតុផ្សំផលិតជីសំខាន់ៗដូចជា អ៊ុយ អាម៉ូញាក់ និងប៉ូតាស្យូម បើយោងតាមគេហទំព័រពាណិជ្ជកម្ម Argus Media ។ ភាពតានតឹងនៃការផ្គត់ផ្គង់បានធ្វើឱ្យតម្លៃជីកើនឡើង ដោយសន្ទស្សន៍តម្លៃជីរបស់ Bloomberg Green Markets នៅអាមេរិកខាងជើងបានកើនឡើងដល់កម្រិតខ្ពស់បំផុត ហើយជាលទ្ធផលត្រូវបានគេលើកឡើងថានឹងជំរុញឱ្យតម្លៃម្ហូបអាហារឡើងថ្លៃរួចទៅហើយ។
គួរឱ្យដឹងថា បើយោងតាមព័ត៌មាននៅលើគេហទំព័រ Dangote Group ស្ថិតនៅលើផ្ទៃដី ៥០០ហិកតា នៅជាយក្រុង Lagos។ រោងចក្រជីនេះមានតម្លៃ ២.៥ ពាន់លានដុល្លារ ដោយមានសមត្ថភាពផលិតជីអ៊ុយរ៉េចំនួន ៣ លានតោនក្នុងមួយឆ្នាំ។ ជាមួយគ្នានេះដែរ រោងចក្ររបស់អ្នកមានទី៨០ លើពិភពលោក និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ២០ពាន់លានដុល្លារនេះ ត្រូវបានគេរំពឹងថានឹងបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលចំនួន ៥,០០០។



អត្ថបទ៖ លីនី
ប្រភព៖ businessinsider


