ប្រធានាធិបតីរុស្ស៊ី ចង់ឱ្យប្រទេសអមិត្ត បង់ប្រាក់ទូទាត់សម្រាប់ការទិញឧស្ម័នជាប្រាក់ “រូប” របស់ខ្លួន
សេដ្ឋកិច្ច March 24, 2022 Khmernote

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីពុធថា រុស្ស៊ីនឹងប្រើការទូទាត់ជាប្រាក់ “រូប” សម្រាប់ការលក់ឧស្ម័នទៅឱ្យប្រទេសអមិត្ត។ លោក ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាលកំពូលៗថា “ពិតណាស់ប្រទេសរុស្ស៊ីនឹងបន្តផ្គត់ផ្គង់ឧស្ម័នធម្មជាតិស្របតាមបរិមាណ និងតម្លៃ…ដែលបានកំណត់ក្នុងកិច្ចសន្យាដែលបានបញ្ចប់ពីមុន”។

ប្រធានាធិបតីរូបនេះ បាន​បន្តថា​ ការផ្លាស់ប្តូរនឹងប៉ះពាល់តែរូបិយប័ណ្ណនៃការទូទាត់ប៉ុណ្ណោះ ដែលនឹងប្តូរទៅជារូបិយបណ្ណ “រូប” របស់រុស្ស៊ី។ ទន្ទឹមនឹងនេះដែរ លោក ពូទីន បាននិយាយថា រដ្ឋាភិបាល និងធនាគារកណ្តាលមានពេលមួយសប្តាហ៍ដើម្បីរកដំណោះស្រាយអំពីរបៀបផ្លាស់ប្តូរប្រតិបត្តិការទាំងនេះទៅជារូបិយប័ណ្ណរបស់រុស្ស៊ី ហើយក្រុមហ៊ុនឧស្ម័នយក្ស Gazprom នឹងត្រូវបានបញ្ជាឱ្យធ្វើការផ្លាស់ប្តូរដែលត្រូវគ្នាទៅនឹងកិច្ចសន្យាឧស្ម័ន។

គួរបញ្ជាក់ថា ឧស្ម័នរុស្ស៊ីមានចំនួនប្រហែល ៤០ភាគរយនៃការប្រើប្រាស់សរុបរបស់អឺរ៉ុប ហើយការនាំចូលឧស្ម័នរបស់សហភាពអឺរ៉ុបពីប្រទេសរុស្ស៊ីបានប្រែប្រួលចន្លោះពី ២០០លានអឺរ៉ូទៅ ៨០០លានអឺរ៉ូ (៨៨០ លានដុល្លារអាមេរិក) ក្នុងមួយថ្ងៃរហូតមកដល់ពេលនេះ។

ជាមួយគ្នានេះ លទ្ធភាពនៃការផ្លាស់ប្តូររូបិយប័ណ្ណអាចធ្វើឲ្យការជួញដូរនោះធ្លាក់ទៅក្នុងភាពច្របូកច្របល់ ហើយបានធ្វើឱ្យតម្លៃឧស្ម័នលក់ដុំនៅអឺរ៉ុប និងអង់គ្លេសកើនឡើងប្រហែល ១៥ ទៅ ២០ ភាគរយកាលពីថ្ងៃពុធ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia