យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រទេសជប៉ុនបន្តគាំទ្រដល់ការផ្គត់ផ្គង់អគ្គិសនីប្រកបដោយនិរន្តរភាពនៅតាមតំបន់ជនបទដាច់ស្រយាលនៅកម្ពុជាជាមួយដៃគូថ្មីរវាង UNDP និងក្រសួងរ៉ែ និងថាមពល ដើម្បីផ្តល់អគ្គិសនីដល់ប្រជាជន ១៣០០ គ្រួសារក្នុងខេត្តចំនួន ៧។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំង ៣ បានឱ្យដឹងថា កាលពីថ្ងៃទី ២០ មីនា ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ក្រោមវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននៅវិមានសន្តិភាពរាជធានីភ្នំពេញ។
សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់ការទទួលបានថាមពលប្រើប្រាស់ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងទៅនេះដែលធ្វើឱ្យមានកំណើនការផ្គត់ផ្គង់អគ្គិសនីយ៉ាងខ្លាំងក្លា និងមិនធ្លាប់មានពីមុនមកពីជាង ៦ ភាគរយ នៅឆ្នាំ ២០០០ ទៅជាង ៩៧ ភាគរយ នៅឆ្នាំ២០២១។
សេចក្តីប្រកាសនេះបានលើកឡើងដែរថា គំនិតផ្តួចផ្តើមថ្មីនេះនឹងត្រូវអនុវត្តដោយ UNDP និងក្រសួងរ៉ែ និងថាមពលក្នុងក្របខ័ណ្ឌនៃគម្រោងការទទួលបានថាមពលកកើតឡើងវិញប្រកបដោយបរិយាបន្ននៅតំបន់ជនបទ ខណៈគម្រោងនេះនឹងផ្តល់ជូនប្រជាជន ១៣០០ គ្រួសារ និងទទួលបានដោយផ្ទាល់នូវការប្រើប្រាស់ថាមពលស្អាតដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាន៕


ប្រភព៖ ក្រសួងព័ត៌មាន


