តម្លៃប្រេងសាំងរបស់ប្រទេសវៀតណាមបានធ្លាក់ចុះពី ២.២% ដល់ ២.៣% កាលពីថ្ងៃច័ន្ទ ដែលនេះជាលើកទី១ បន្ទាប់ពីការកែសម្រួលការកើនឡើងនៃតម្លៃប្រេងអស់រយៈពេល ៧ដងជាប់ចាប់តាំងពី១០ ខែធ្នូ ឆ្នាំ២០២១។ តម្លៃសាំងដ៏ពេញនិយមប្រភេទ RON 95 ធ្លាក់ចុះ ៦៣០ដុង (ប្រមាណ ០.០២ ដុល្លារ) មកនៅ ២៩,១៩០ ដុង (ប្រមាណ ១.២៨ដុល្លារ)។
ជាមួយគ្នានេះ តម្លៃប្រេងឥន្ធនៈផ្សេងទៀតរួមទាំង ប្រេងកាត និងប្រេងម៉ាស៊ូត ក៏បានធ្លាក់ចុះពី ២.៧ ទៅ ៧.៥ភាគរយផងដែរ។ នេះជាលើកទីមួយហើយ ដែលអាជ្ញាធរបានកែសម្រួលតម្លៃសាំងថយចុះក្រោមចាប់តាំងពីខែធ្នូកន្លងទៅ ខណៈតម្លៃប្រេងសាំងបានកើនឡើងប្រហែល ៣០ភាគរយ ចាប់តាំងពីពេលនោះមក ជាមួយនឹងការកើនឡើងខ្ពស់បំផុត ១០ភាគរយនៅថ្ងៃទី១១ ខែមីនា។
បើយោងតាម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ ដែលទទួលខុសត្រូវលើការកែសម្រួលតម្លៃប្រេងសាំងនៅក្នុងប្រទេសវៀតណាម បាននិយាយថា តម្លៃផលិតផលប្រេងឥន្ធនៈសកល ជាមធ្យមបានធ្លាក់ចុះពី ៧.៣ ទៅ ១៥.៧ ភាគរយក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


