មាសគរដូចភ្នំតែឥតបានការ! រុស្ស៊ី មានឃ្លាំងស្តុកមាសធំទី៥លើលោក តែលក់ចេញទៅបរទេសគ្មានប្រទេសណាទិញ
សេដ្ឋកិច្ច March 21, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន news.yahoo បានឱ្យដឹងថា ឃ្លាំងស្តុកមាសដ៏ធំបំផុតទីប្រាំនៅលើពិភពលោកជាកម្មសិទ្ធិរបស់ប្រទេសរុស្ស៊ីដែលមានតម្លៃជិត ១៤០ពាន់លានដុល្លារ។ ជាមួយគ្នានេះ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសលើប្រទេសអ៊ុយក្រែនមក ប្រទេសនេះបាន ប្រមូលទិញមាសដើម្បីស្តុកទុក តែទោះជាយ៉ាងណាក្ដីបច្ចុប្បន្នមាសរបស់ប្រទេសនេះមិនមានប្រទេសណាទិញឡើយ។

ជាក់ស្ដែងកាលពីសប្ដាហ៍មុន ទីផ្សារមាសរបស់ទីក្រុងឡុងដ៍ ដែលជាមជ្ឈមណ្ឌលដ៏សំខាន់បំផុតក្នុងពិភពលោកសម្រាប់មាសដុំបានហាមឃាត់មាសដុំទាំងអស់របស់រុស្ស៊ី ដោយបានបិទមាសពីប្រទេសនេះចេញពីពាណិជ្ជកម្មពិភពលោកតែម្ដង។ មិនតែប៉ុណ្ណោះ ព្រឹទ្ធសភាអាមេរិកក៏បានអនុវត្តតាមវិធានការនោះដែរ ជាមួយនឹងវិក័យប័ត្រថ្មីមួយដែលនឹងហាមឃាត់ពលរដ្ឋអាមេរិកមិនឱ្យធ្វើប្រតិបត្តិការណាមួយដែលពាក់ព័ន្ធនឹងមាសរបស់រុស្ស៊ី។

មន្រ្តី ២រូបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្គត់ផ្គង់មាសដ៏ធំរបស់រុស្ស៊ី គឺជាទ្រព្យសម្បត្តិមួយក្នុងចំណោមទ្រព្យសម្បត្តិដែលនៅសល់មួយចំនួនដែលលោកពូទីន អាចប្រើដើម្បីរក្សាសេដ្ឋកិច្ចរបស់ប្រទេសរបស់គាត់មិនឱ្យធ្លាក់ចុះបន្ថែមទៀត។ តាមរយៈការដាក់ទណ្ឌកម្មលើទុនបំរុងទាំងនេះ យើងនឹងធ្វើឱ្យរុស្ស៊ីឯកោបន្ថែមទៀតពីសេដ្ឋកិច្ចពិភពលោក និងបង្កើនភាពលំបាកនៃយុទ្ធនាការយោធាដែលមានតម្លៃថ្លៃ ហើយត្រូវចំណាយកាន់តែច្រើនរបស់ពូទីន”។

ប៉ុន្តែទោះបីជាគ្មានប្រទេសណាទិញក៏ដោយ តែហាក់ដូចជាមានតម្រូវការមាសក្នុងស្រុកច្រើន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី៕

អត្ថាបទ៖ លីនី
ប្រភព៖ yahoo