រុស្ស៊ីនឹងទៅជាយ៉ាងណា ខណៈជប៉ុនគ្រោងដកហូតឋានៈពាណិជ្ជកម្មជា “ប្រទេសដែលពេញចិត្តបំផុត” របស់ជប៉ុន និងដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្មបន្ថែម​
សេដ្ឋកិច្ច March 18, 2022 Khmernote

នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio និយាយថា លោកគ្រោងនឹងដកហូតឋានៈពាណិជ្ជកម្មរបស់រុស្ស៊ីជា “ប្រទេសដែលពេញចិត្តបំផុត” ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មថ្មីសម្រាប់ការឈ្លានពានអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៦ ខែមីនា លោកក៏បានពន្យល់ពីរបៀបដែលគាត់មានបំណងជួយជនជម្លៀសអ៊ុយក្រែនផងដែរ។

ការសម្រេចចិត្តរបស់ប្រទេសជប៉ុនក្នុងការដកហូតឋានៈ “ប្រទេសដែលពេញចិត្តបំផុត” ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការដាក់លក្ខខណ្ឌពាណិជ្ជកម្ម ដូចជាពន្ធខ្ពស់ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី។ វិធានការ​នេះ​ គឺ​ស្រប​តាម​វិធានការ​ដែល​បាន​ប្រកាស​ដោយ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស និង G7។

Kishida បាន​ហៅ​ការ​លុកលុយ​អ៊ុយក្រែន​ថា​ជា “ទង្វើ​ដ៏​ឃោរឃៅ​ដែល​គួរ​ចងចាំ​ក្នុង​ប្រវត្តិសាស្ត្រ”។ នាយករដ្ឋមន្ត្រីបាននិយាយថា ប្រទេសជប៉ុនថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើរបស់រុស្ស៊ី ហើយបានប្រកាសថា លោកនឹងបង្កើនសម្ពាធការទូត និងសេដ្ឋកិច្ចលើរុស្ស៊ី។
លោក Kishida ក៏និយាយផងដែរថា ប្រទេសជប៉ុននឹងរារាំងការនាំចេញរបស់ប្រណីតទៅកាន់ប្រទេសរុស្ស៊ី និងហាមឃាត់ការនាំចូលទំនិញមួយចំនួន។ លោក​បាន​បន្ត​ថា រដ្ឋាភិបាល​នឹង​ប្រកាស​បញ្ជី​មុខ​ទំនិញ​គោលដៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។

គួរបញ្ជាក់ផងដែរថា ឋានៈ “ប្រទេសដែលពេញចិត្តបំផុត” គឺជាគោលការណ៍គ្រឹះនៃអង្គការពាណិជ្ជកម្មពិភពលោក។ ឋានៈនេះធានាថាគ្មានប្រទេសណាមួយផ្តល់លក្ខខណ្ឌពាណិជ្ជកម្មអនុគ្រោះដល់សមាជិកផ្សេងទៀតទេ។ ឯកសិទ្ធិទាំងឡាយដែលបានពង្រីកទៅប្រទេសមួយ ដូចជាពន្ធគយទាបលើទំនិញនាំចេញ។ រដ្ឋាភិបាល​ជប៉ុន និង​អ្នក​ដទៃ​ទៀត​នឹង​មាន​សេរីភាព​ក្នុង​ការ​កំណត់​លក្ខខណ្ឌ​របស់​ខ្លួន។ យ៉ាងណាមិញប្រទេសជប៉ុនបានដាក់កំហិតលើការនាំចេញផលិតផល semiconductors និងផលិតផលបច្ចេកវិទ្យាខ្ពស់ផ្សេងទៀតទៅកាន់ប្រទេសរុស្ស៊ីរួចហើយ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk