កសិករដាំស្វាយ អាចនឹងត្រូវបាត់ចំណូលប្រចាំឆ្នាំ ខណៈស្វាយកែវល្មៀត មានតម្លៃតែ ៤០០ ទៅ៦០០រៀលក្នុងមួយគីឡូក្រាម
សេដ្ឋកិច្ច March 17, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ផលស្វាយកែវល្មៀត គិតមកដល់ថ្ងៃទី ១៧ ខែមីនានេះមានតម្លៃមួយគីឡូក្រាមតែ ៤០០ ទៅ៦០០ រៀលតែប៉ុណ្ណោះ ទីផ្សារនេះបានធ្វើឱ្យកសិករអ្នកដាំដំណាំឧស្សាហកម្មមួយប្រភេទនេះ ត្រូវបាត់បង់ប្រាក់ចំណូលប្រចាំឆ្នាំ។

ក្នុងសកម្មភាពប្រមូលផលស្វាយកែវល្មៀតនៅថ្ងៃទី ១៧មីនានេះ លោក សេង ថៃ ម្ចាស់ចម្ការស្វាយនៅភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ប្រជាកសិករដំណាំដាំស្វាយនេះ បានចំណាយដើមទុនច្រើនក្នុងការថែទាំ ដល់ពេលទទួលបានផល អ្នកបញ្ជាទិញឱ្យតម្លៃទាបក្នុងមួយគីឡូក្រាម ៤០០ទៅ ៦០០រៀលតែប៉ុណ្ណោះ ដែលបានធ្វើឱ្យកសិករបាត់បង់ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ។

លោកបន្តថា៖ បច្ចុប្បន្នកសិករយើងមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដំណាំឧស្សាហកម្មដូចជាស្វាយ កែវល្មៀតនេះជាដើមអាចថែទាំធ្វើឱ្យវាផ្លែក្នុងមួយឆ្នាំបាន ២លើកគ្រាន់តែពុំទាន់មានទីផ្សារច្បាស់លាស់ ព្រោះកាលពីខែតុលានិងខែ វិច្ឆិកា ស្វាយមានតម្លៃ ១.២០០ ទៅ១.៥០០រៀលក្នុងមួយគីឡូក្រាម ចំណែកនៅខែកុម្ភៈនិងខែមីនានេះមានតម្លៃតែ ៤០០ទៅ ៦០០រៀល ហើយពិបាករកអ្នក បញ្ជាទិញថែមទៀត។

អ្នកស្រី លាង ស្រីពៅ អ្នកប្រមូលទិញផលដំណាំផ្នែកឧស្សាហកម្មប្រចាំនៅខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖ ផលស្វាយកែវល្មៀតនេះ មានទីផ្សារធំនៅប្រទេសវៀតណាម ហើយនៅឆ្នាំ២០២២ នេះអ្នកបញ្ជាទិញមានចំនួនតិច ដោយសារតែប្រទេសមួយនេះ ជួបវិបត្តិជំងឺកូវីដ-១៩ ខ្លាំង។

អ្នកស្រីបញ្ជាក់ថា៖ ចំណែកនៅប្រទេសឡាវវិញឈ្មួញទិញទៅតាមតម្រូវការតិចតួច ហើយការនាំចេញទៅប្រទេសថៃ មានចម្ងាយផ្លូវឆ្ងាយ មិនអាចនាំចេញទៅបានព្រោះត្រូវចំណាយច្រើន ពេកហើយអ្នកបញ្ជាទិញជ្រើសរើសយកតែស្វាយមានគុណភាព សោភ័ណភាពល្អស្អាតតែប៉ុណ្ណោះ ។

លោក សុវណ្ណ ពិសិដ្ឋ អភិបាលស្រុកសេសានបានចាត់ទុកថា៖ នេះជាផ្នែកមួយ តម្រូវឱ្យកសិករយើងត្រូវសិក្សាយកចំណេះជំនាញការថែទាំពីគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យផលដំណាំនីមួយៗទទួលបានបរិមាណនិងគុណភាពតម្រូវទៅលើទីផ្សារ។ លោកកត់សម្គាល់ថា៖ ឆ្លងកាត់តាមការពិនិត្យពីមន្ត្រីជំនាញកសិកម្ម ឃើញថាបច្ចុប្បន្នប្រជាកសិករយើងមានបទពិសោធន៍ និងយល់ដឹងបានច្រើនក្នុងការដាំដុះដំណាំស្វាយកែវល្មៀតនេះ។

“អ៊ីចឹងហើយក៏សូមសំណូមពរ ឱ្យបងប្អូនដែលមានចំណេះដឹង ខាងផ្នែកប្រើប្រាស់ជីប្រើប្រាស់ដី ការថែរក្សា ការថែរក្សាគ្រាប់ ឬការថែរក្សាដើមនេះ សូមលោកបន្តការចែករំលែកបទពិសោធន៍មកដល់បងប្អូនប្រជាពលរដ្ឋទូទៅមកដល់ប្រជាពលរដ្ឋ ក្នុងស្រុកសេសានក៏ដូចជាតំបន់ផ្សេងទៀត”។ សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែង កសិករអនុវត្តដាំដំណាំផ្នែកឧស្សាហកម្ម ស្វាយកែវល្មៀតនេះបានលើផ្ទៃដី ៤.៣១៨ ហិកតា កំពុងទទួលផល ១.៩៥៥ហិកតា ក្នុងមួយហិកតាទទួលបាន ផលចំនួនប្រមាណ១០តោន៕

ប្រភព៖ ក្រសួងព័ត៌មាន