តម្លៃប្រេងបានឡើងថ្លៃមកវិញ ក្រោយធ្លាក់ចុះបានបន្តិច ដោយសារការចរចារបស់រុស្ស៊ី និងអ៊ុយក្រែន
សេដ្ឋកិច្ច March 17, 2022 Khmernote

តម្លៃប្រេងបានកើនឡើងកាលពីព្រឹកថ្ងៃពុធ (១៦ ខែមីនា) ដោយបានស្ទុះឡើងមកវិញ បន្ទាប់ពីធ្លាក់ចុះ ១ដុល្លារក្នុងមួយបារ៉ែលកាលពីប៉ុន្មានថ្ងៃមុននេះ។ ការឡើងថ្លៃជាថ្មីម្ដងទៀតនេះ ខណៈពេលដែលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅតែបន្តគ្របដណ្តប់លើការជួញដូរដែលប្រែប្រួល ទៅតាមការចរចាបទឈប់បា..ញ់។

អនាគតប្រេងឆៅរបស់ Brent​ បានកើនឡើងវិញ ៨៣សេន ឬ ០.៨% នៅតម្លៃ ១០០.៧៤ ដុល្លារក្នុង​មួយបារ៉ែល នៅម៉ោង ១ ននិង ២០នាទី ព្រឹក GMT (៩ និង ២០នាទីព្រឹក ម៉ោងនៅប្រទេសសិង្ហបុរី)។ ជាមួយគ្នានេះ ប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង ៥៨ សេន ឬ ០.៦ ភាគរយនៅតម្លៃ ៩៧.០២ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃនៃប្រេងទាំងនេះ កាលពីប៉ុន្មានថ្ងៃមុន បានធ្លាក់ចុះ ច្រើនជាង ១ដុល្លារអាមេរិក ដោយ Brent បានធ្លាក់ចុះមកនៅត្រឹម ៩៨.៨៦ ដុល្លារក្នុងមួយបារ៉ែល ហើយ WTI ធ្លាក់ចុះដល់ ៩៤.៩០ ដុល្លារក្នុងមួយបារ៉ែល។

គួរបញ្ជាក់ផងដែរថា ប្រេងបានធ្លាក់ចុះដល់តម្លៃក្រោម ១០០ដុល្លារកាលពីថ្ងៃអង្គារ ដែលជាលើកទីមួយចាប់តាំងពីចុងខែកុម្ភៈមក។ ក្នុងនោះ វគ្គជួញដូរមានការប្រែប្រួលចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ជាមួយនឹងតម្លៃឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ១៤ឆ្នាំនៅថ្ងៃទី៧ ខែមីនា ប៉ុន្តែចាប់តាំងពីពេលនោះមក Brent បានធ្លាក់ចុះជិត ៤០ដុល្លារក្នុងមួយបារ៉ែល និង WTI ប្រហែល ៣៤ដុល្លារ។

ទន្ទឹមនឹងនេះដែរ តម្លៃក៏បានស្ថិតក្រោមសម្ពាធក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ជុំវិញក្តីបារម្ភនៃការធ្លាក់ចុះតម្រូវការរបស់ប្រទេសចិន ដោយសារប្រទេសដែលមានប្រជាជនច្រើនជាងគេ និងអ្នកប្រើប្រាស់ប្រេងធំទីពីររបស់ពិភពលោក បានដាក់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia