យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា តម្លៃប្រេងបានធ្លាក់ចុះដល់ទៅ ៤ដុល្លារក្នុងមួយបារ៉ែល នៅថ្ងៃច័ន្ទនេះ ខណៈដែលកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនកើនឡើង ហើយទីផ្សារបានទប់ទល់នឹងអត្រាការប្រាក់ខ្ពស់របស់សហរដ្ឋអាមេរិក។
អនាគតប្រេងឆៅរបស់ Brent បានធ្លាក់ចុះចុងក្រោយដោយ ៣.៨១ដុល្លារ ឬ ៣.៤ ភាគរយនៅ ១០៨.៨៦ដុល្លារ ក្នុងមួយបារ៉ែលនៅ 0741 GMT កាលពីថ្ងៃច័ន្ទ។ ជាមួយគ្នានេះ តម្លៃប្រេងឆៅនាពេលអនាគតរបស់អាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៣.៨៥ដុល្លារ ឬ ៣.៥% មកនៅត្រឹម ១០៥.៤៨ ដុល្លារក្នុងមួយបារ៉ែល។
លោក Tina Teng អ្នកវិភាគប្រចាំក្រុមហ៊ុន CMC Markets បាននិយាយថា “តម្លៃប្រេងអាចនឹងបន្តធ្លាក់ចុះក្នុងសប្តាហ៍នេះ ដោយសារអ្នកវិនិយោគបាននិងកំពុងស្វែងយល់ពីផលប៉ះពាល់នៃទណ្ឌកម្មលើប្រទេសរុស្ស៊ី រួមជាមួយនឹងភាគីដែលបង្ហាញសញ្ញានៃការចរចារឆ្ពោះទៅរកការឈប់បា..ញ់” ។
គួរបញ្ជាក់ផងដែរថា ការលុកលុយរបស់រុស្ស៊ី ដែលទីក្រុងមូស្គូហៅថាជា “ប្រតិបត្តិការពិសេស” បានធ្វើឱ្យទីផ្សារថាមពលកើនឡើងទូទាំងពិភពលោក។ ទោះបីជាយ៉ាងណាក្ដី កិច្ចសន្យាទាំងពីរបានកើនឡើងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈមកលើអ៊ុយក្រែន ហើយកើនឡើងប្រហែល ៤០%ភាគរយ រហូតមកដល់បច្ចុប្បន្ននេះ៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


