កាន់តែក្ដៅហើយ! រុស្ស៊ីថា ខ្លួនអាច​រឹបអូស ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​បរទេស​ដែល​ចាកចេញ​ពី​ប្រទេសមកធ្វើជារបស់រដ្ឋ
សេដ្ឋកិច្ច March 11, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ប្រទេសរុស្ស៊ីអាចនឹងប្រើវិធានការក្ដៅឆ្លើយតបទៅកាន់ក្រុមហ៊ុនបរទេសដែលបានផ្អាក និងបញ្ឈប់អាជីវកម្មនៅក្នុងប្រទេស។ ក្រសួងសេដ្ឋកិច្ចរុស្ស៊ីបាននិយាយថា រុស្ស៊ី​អាច​រឹបអូស ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​បរទេស​ដែល​ចាកចេញ​ពី​ប្រទេសមកធ្វើជារបស់រដ្ឋ ហើយវិធានការនេះគឺដើម្បីការពារទ្រព្យសម្បត្តិ ផលិតភាព និងកម្មករ។

រុស្ស៊ីបាននិយាយថា ខ្លួនអាចរឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបរទេសដែលចាកចេញពីប្រទេស ខណៈដែលការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយ និងការចាកចេញសាជីវកម្មធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនចុះខ្សោយ។ ជាមួយគ្នានេះកាសែត Financial Times បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា វិមានក្រឹមឡាំងកំពុងព្យាយាមស្វែងរក “ដំណោះស្រាយផ្លូវច្បាប់” ដើម្បីកាន់កាប់ទ្រព្យសម្បត្តិបរទេសរបស់ក្រុមហ៊ុនអន្តរជាតិដែលកំពុងដកខ្លួនចេញពីទីផ្សាររបស់ខ្លួន។

សារព័ត៌មានដដែលបានឱ្យដឹងទៀតថា “ទាក់ទងនឹងអ្នកដែលមានគម្រោងបិទរោងចក្រផលិតរបស់ពួកគេ រុស្ស៊ីត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ … ដើម្បីកុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងដល់អ្នកផ្គត់ផ្គង់រុស្ស៊ីក្នុងស្រុក”។ មិនតែប៉ុណ្ណោះក្រសួងសេដ្ឋកិច្ចបាននិយាយតាម Bloomberg ថា “គម្រោងនេះគឺមានគោលបំណងលើកទឹកចិត្តឱ្យក្រុមហ៊ុនក្រោមការគ្រប់គ្រងរបស់បរទេស មិនបោះបង់ចោលសកម្មភាពរបស់ពួកគេនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី” ។

ដោយឡែក នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានប្រាប់មន្ត្រីរដ្ឋាភិបាលថា វិមានក្រឹមឡាំងនឹងស្វែងរក “ការណែនាំពីការគ្រប់គ្រងខាងក្រៅ ហើយបន្ទាប់មកផ្ទេរសហគ្រាសទាំងនេះទៅឱ្យអ្នកដែលពិតជាចង់បន្តប្រតិបត្តិការនៅរុស្ស៊ី” នេះបើយោងតាម ​​Guardian ។ គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមសកម្មភាពសងសឹកផ្សេងទៀតប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិចរួចហើយ រួមទាំងការហាមឃាត់ការនាំចេញទំនិញជាង ២០០មុខរហូតដល់ដំណាច់ឆ្នាំនេះ ដោយយោងតាមទីភ្នាក់ងារព័ត៌មាន Interfax បានឱ្យដឹងថា ផលិតផលទាំងនោះរួមមានឧបករណ៍វេជ្ជសាស្ត្រ និងទូរគមនាគមន៍៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo