ប្រទេសថៃ ​បរិច្ចាគ​ថវិកាប្រមាណ ៦ម៉ឺនដុល្លារ ​សម្រាប់​ជំនួយ​មនុស្សធម៌ជួយដល់​អ៊ុយក្រែន
សេដ្ឋកិច្ច March 11, 2022 Khmernote

អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃនឹងបរិច្ចាគប្រាក់ចំនួន ២ លានបាត (ប្រមាណ ៦ម៉ឺនដុល្លារ) ជាជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែនដែលរងគ្រោះដោយសង្គ្រាម។ អ្នកនាំពាក្យរូបនេះបាននិយាយថា ស្ថានទូតថៃប្រចាំប្រទេសប៉ូឡូញ ដែលជាប្រទេសជិតខាងខាងលិចរបស់អ៊ុយក្រែន ត្រូវបានចាត់តាំងឱ្យផ្តល់ជំនួយតាមរយៈកាកបាទក្រហមអ៊ុយក្រែន ឬអង្គការអន្តរជាតិមួយចំនួន។

បើតាមលោក Tanee ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសថៃបានស្នើសុំជំនួយមនុស្សធម៌ បន្ទាប់ពីការប្រយុទ្ធគ្នានៅក្នុងប្រទេសរបស់ពួកគេបាននាំឱ្យមានការស្លាប់ របួស និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ ទេ ដែលប្រទេសថៃផ្ដល់ជំនួយដល់អ៊ុយក្រែន ពោលគឺក្នុងឆ្នាំ២០១៩ ប្រទេសថៃបានផ្តល់ជំនួយចំនួន ១លានបាតដល់អ៊ុយក្រែន តាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងសមាគមកាកបាទក្រហមថៃសម្រាប់ជំនួយមនុស្សធម៌ ដល់ជនភៀសខ្លួនក្នុងស្រុកនៅតំបន់ភាគខាងកើតនៃប្រទេសនោះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand