មិនចាញ់ឡើយ! លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យហាមឃាត់ការនាំចេញរបស់រុស្ស៊ីមួយចំនួន និងរឹតបន្តឹងការនាំចូល សងសឹកការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងអាមេរិក
សេដ្ឋកិច្ច March 10, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការនាំចេញទំនិញ និងវត្ថុធាតុដើមមួយចំនួន។ ការបញ្ជានេះរួមបញ្ចូលទាំងការហាមឃាត់ ឬការរឹតបន្តឹងលើ “ការនាំចេញក្រៅទឹកដីរបស់សហព័ន្ធរុស្ស៊ី និងការនាំចូលទៅកាន់ទឹកដីនៃសហព័ន្ធរុស្ស៊ីនៃផលិតផល និងវត្ថុធាតុដើម” នេះបើយោងតាមការបកប្រែរបស់ទីភ្នាក់ងារសារព័ត៌មាន Interfax នៃការបញ្ជាដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។

ឯកសារនេះបាននិយាយថា ការហាមប្រាមនេះចូលជាធរមានភ្លាមៗ ប៉ុន្តែមិនបានបញ្ជាក់ថាទំនិញ និងវត្ថុធាតុដើមណាដែលនឹងត្រូវប៉ះពាល់ដោយការរឹតបន្តឹងនោះទេ។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃទី២៥ ខែកុម្ភៈថា ខ្លួននឹងដាក់ “វិធានការសងសឹក” ប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច។

គួរបញ្ជាក់ថា រុស្ស៊ី​ជា​ប្រទេស​នាំ​ចេញ​ទំនិញ​សំខាន់ៗ​រួម​មាន​ប្រេង ឧស្ម័ន​ធម្មជាតិ ស្រូវសាលី និង​លោហធាតុ។ តម្លៃ​ទំនិញ​បាន​ឡើង​ថ្លៃ​រួច​ហើយ​ដោយ​សារ​តែ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ទណ្ឌកម្ម​លោក​ខាង​លិច៕

អត្ថបទ៖ លីនី
ប្រភព៖yahoo