ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងប្រទេសចំនួន ៣០ផ្សេងទៀតនឹងបញ្ចេញប្រេងចំនួន ៦០លានបារ៉ែលពីទុនបម្រុងរបស់ខ្លួន ដើម្បីជួយទប់ទល់នឹងសម្ពាធដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ។ លោក Biden បាននិប្រកាសបែបនេះ នៅក្នុងសុន្ទរកថារដ្ឋសហភាពកាលពីថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ។
លោកប្រធានាធិបតីរូបនេះបាននិយាយថា សហរដ្ឋអាមេរិកនឹងមានចំណែកពាក់កណ្តាលនៃការបញ្ចេញប្រេងនេះ និងនាំយកប្រេងចំនួន ៣០លានបារ៉ែលទៅកាន់ទីផ្សារ ដោយលោកបានបន្ថែមថា “យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចេញបន្ថែមទៀតប្រសិនបើចាំបាច់ ដោយរួបរួមជាមួយសម្ព័ន្ធមិត្តរបស់យើង”។
ការបញ្ចញប្រេងរបស់សហរដ្ឋអាមេរិកនឹងចេញមកពី Strategic Petroleum Reserve ដែលជាបណ្តាញនៃអង្គភាពស្តុកប្រេងក្រោមដី ដែលមានបំណងធ្វើឱ្យការផ្គត់ផ្គង់ប្រេងមានស្ថេរភាពក្នុងគ្រាចាំបាច់។ គួរបញ្ជាក់ថា តម្លៃប្រេងនៅពេលនេះឡើងកាន់តែខ្លាំង ពីកម្រិតខ្ពស់ដែលមានស្រាប់ ដែលបណ្ដាលមកពីជំងឺរាតត្បាត ហើយបច្ចុប្បន្នការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានបន្ថែមហានិភ័យបន្ថែមទៀតដល់ទស្សនវិស័យ។ រុស្ស៊ី គឺជាប្រទេសផលិតប្រេងឆៅធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ហើយការដាក់ទណ្ឌកម្មលើប្រទេសនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងពិភពលោកដែលស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo


