យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ ប្រវែង ១៣៤,៨២៦គីឡូម៉ែត្រចាប់ពី រាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២នេះ។
ថ្លែងក្នុងរបាយការណ៍ស្វាគមន៍គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា មានិតចិន ដែលបានផ្ដល់ហិរញ្ញប្បទានសម្បទានជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្ដបន្ទាប់ ដើម្បីចូល រួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងកាត់បន្ថយភាពក្រីក្រឱ្យកាន់តែថយចុះបន្ថែមទៀត និងបានថ្លែងអំណរគុណផងដែរចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរដែនដីរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស រួមទាំងបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លី ភូមិឋាន និងផ្ទះសម្បែងស្ថិតនៅជិតការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៣ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់នៃកំណាត់ផ្លូវនេះក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់សម្បូរដោយធនធាន ទេសភាពធម្មជាតិ មានតំបន់ជ្រលងភ្នំ និងតំបន់ឆ្នេរដ៏ស្រស់ត្រកាល ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បន្ថែមពីលើនេះខ្សែផ្លូវនេះមានភាពរឹងមាំ ធំទូលាយ ដែលសម្រួលដល់ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ព្រមទាំងបញ្ចៀស បានការកកស្ទះនៅតាមបណ្ដោយផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀតផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ កំណាត់ផ្លូវជាតិលេខ៣ ក៏ជាផ្នែកមួយនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវ៉េយលេខ១២៣(AH-123) ពីប្រទេស ថៃមកប្រទេសកម្ពុជា តាមរយៈផ្លូវជាតិលេខ៤៨ ហើយឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំការលួង ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ និងបន្តទៅប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ៣៣ កាត់តាមកំពង់ត្រាចចេញទៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក (កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជាជាមួយប្រទេសជិតខាង។
សូមជម្រាបជូនថា៖ កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ទៅដល់ក្រុងកំពត ត្រូវបានស្តារម្តងរួចមក ហើយនៅឆ្នាំ២០០៨-២០១១ ប៉ុន្តែដោយសង្កេតឃើញថាកំណើន ចរាចរណ៍មានការកើនឡើងគួរឱ្យកត់ សម្គាល់ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យធ្វើការពង្រីកកំណាត់ផ្លូវនេះចាប់ពីចោមចៅ ដល់បែក គូស ប្រវែង ៦៩,៩០០គីឡូម៉ែត្រ ជា៤គន្លង និងកំណាត់ផ្លូវពីបែកគូស ដល់ក្រុងកំពត ប្រវែង ៦៤,៩២៦ គីឡូម៉ែត្រជា២គន្លង ដោយក្រាលបេតុងកៅស៊ូAC ឡើងវិញ។
គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៣ មានប្រវែងសរុប ១៣៤,៨២៦ គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយក្នុងនោះ ខ្សែផ្លូវឆ្លងកាត់រាជធានីភ្នំពេញប្រវែង១២គីឡូម៉ែត្រ ខេត្ត កណ្តាលប្រវែង១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៣០គីឡូម៉ែត្រ ខេត្តតាកែវប្រវែង៣០គីឡូម៉ែត្រ និងខេត្ត កំពតប្រវែង៥១គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានបែងចែកចេញជា២កំណាត់ រួមមាន៖
កំណាត់ទី១៖ មានប្រវែង ៦៩,៩០០គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ-ចោមចៅ (គីឡូម៉ែត្រលេខ ០០+០០០) ដល់បែកគូស (គីឡូម៉ែត្រលេខ ៦៩+៩០០) បានពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ មាន ៤គន្លង (២គន្លងទៅ២គន្លងមក) ក្រាលបេតុងកៅស៊ូAC កម្រាស់៩សង់ទីម៉ែត្រ ទទឹងតួផ្លូវ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប២៤,៥ម៉ែត្រ រួមមាន៖ គន្លងផ្លូវរថយន្ដទទឹង១៥ម៉ែត្រចែកជា៤គន្លង(២គន្លងទៅ ២គន្លងមក)គន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ។ គន្លងផ្លូវម៉ូតូទទឹង៥ម៉ែត្រ ចែកជា២គន្លង (១គន្លងទៅ ១គន្លងមក)គន្លងនីមួយៗមានទទឹង ២,៥០ម៉ែត្រ។ ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង២ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហមទទឹង ០,៧៥ម៉ែត្រសងខាងផ្លូវ។ សាងសង់ស្ពានថ្មីចំនួន ១១កន្លែងប្រវែងសរុប៤៤៣ម៉ែត្រទទឹង១២ម៉ែត្រ និងពង្រីកស្ពានចាស់២កន្លែងប្រវែងសរុប៣០ម៉ែត្រ។
កំណាត់ទី២៖ មានប្រវែង ៦៤,៩២៦គីឡូម៉ែត្រ ចាប់ពីបែកគូស (គីឡូម៉ែត្រលេខ ៦៩+៩០០) ដល់ក្រុង កំពត (គីឡូម៉ែត្រលេខ១៣៤+៨២៦) បានពង្រីកទទឹងតួផ្លូវរហូតដល់១២ម៉ែត្រ មាន២គន្លង (១គន្លងទៅ ១គន្លងមក) ក្រាលបេតុងកៅស៊ូAC កម្រាស់៧សង់ទីម៉ែត្រ ទទឹង១១ម៉ែត្រលើទទឹងតួផ្លូវសរុប១២ម៉ែត្រ រួមមាន៖ គន្លងផ្លូវរថយន្ដទទឹង៧,៥០ម៉ែត្រ ចែកជា២គន្លង (១គន្លងទៅ១គន្លងមក) គន្លងនីមួយៗមានទទឹង៣,៧៥ម៉ែត្រ។ គន្លងផ្លូវម៉ូតូទទឹង៣,៥០ម៉ែត្រ ចែកជា២គន្លង (១គន្លងទៅ១គន្លងមក)គន្លងនីមួយៗមានទទឹង១,៧៥ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហមទទឹង០,៥០ម៉ែត្រសងខាងផ្លូវ។
កំណាត់ផ្លូវទាំងពីរនេះ បានសាងសង់លូជ្រុងចំនួន៣៤កន្លែង លូមូលចំនួន១៧៧កន្លែង លូដាក់តាមប្រឡាយសងខាងផ្លូវចំនួន២៧១កន្លែង និងការងារបំពាក់បរិក្ខារផ្លូវថ្នល់រួមមាន៖ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ព្រមទាំងមានបំពាក់កាំមេរ៉ាចាប់ល្បឿនអចល័តចំនួន១០កន្លែង និងសាងសង់ស្ពានថ្មើរជើងរំលងផ្លូវចំនួន២កន្លែងផងដែរ។
គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១ បានចំណាយថវិកាសរុបប្រមាណ ២១៥,៣៨៨លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕











ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


