យោងតាមការចុះផ្សាយរបស់សារព័ត៌មាន fortune បានឱ្យដឹងថា ប្រជាជននៅលើពិភពលោកបានបរិច្ចាគប្រាក់របស់ពួកគេជា រូបិយប័ណ្ណគ្រីបតូ ដល់ប្រទេសអ៊ុយក្រែន ខណៈដែលកងកម្លាំងរុស្ស៊ីនៅតែបន្តវាយប្រហារប្រទេសនេះ។ Come Back Alive ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់អ៊ុយក្រែន ដែលរៃអង្គាសប្រាក់គ្រីបតូ សម្រាប់កងទ័ពអ៊ុយក្រែន បានទទួលកាក់ឌីជីថលដែលមានតម្លៃជាង ៤០០,០០០ ដុល្លារកាលពីសុក្រ នេះបើយោងតាមការស្រាវជ្រាវពីក្រុមហ៊ុន blockchain និងក្រុមហ៊ុនវិភាគគ្រីប Elliptic ។
ក្រុមហ៊ុនទាំង ២ បានឱ្យដឹងទៀតថា ចំនួនទឹកប្រាក់ដែលបានបរិច្ចាគជាមធ្យមគឺប្រហែល ១,០០០ ទៅ ២,០០០ដុល្លារ ហើយក្រុមនេះបានទទួលការបរិច្ចាគពីបុគ្គលយ៉ាងហោចណាស់ ៣១៧ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ លោកស្រី Jess Symington ប្រធានផ្នែកស្រាវជ្រាវរបស់ Elliptic បានប្រាប់ក្រុមហ៊ុន Fortune ថា ការបរិច្ចាគមិនទាន់បានបញ្ឈប់ទេ ហើយក្រុមហ៊ុនរំពឹងថាចំនួននេះនឹងកើនឡើងនៅថ្ងៃសៅរិ៍នេះទៀត។
មិនតែប៉ុណ្ណោះនាងបានបន្ថែមថា ក្រុមគាំទ្រអ៊ុយក្រែន និងសហគមន៍គាំទ្រគ្រីបតូនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Twitter និង Facebook បានចូលរួមចំណែកដល់ការកើនឡើងនៃការបរិច្ចាគនាពេលថ្មីៗនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ក្រសួងការពារជាតិអ៊ុយក្រែនបានបង្កើតគណនីធនាគារដែលបានកំណត់ដើម្បីទទួលយកការបរិច្ចាគសម្រាប់កងទ័ពរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងបានកត់សម្គាល់ថា ខ្លួនគ្រាន់តែអាចទទួលបានរូបិយប័ណ្ណ fiat ប៉ុណ្ណោះ ហើយមិនអាចទទួលយកការបរិច្ចាគជារូបិយប័ណ្ណគ្រីបតូ និងតាមរយៈប្រព័ន្ធទូទាត់ផ្សេងទៀត ដូចជា PayPal ជាដើម៕



អត្ថបទ៖ លីនី
ប្រភព៖ fortune


