បញ្ហាមិនចេះចប់! កសិករចិញ្ចឹមក្ដា​មនៅវៀតណាម ជួបទុក្ខធំខណៈតម្លៃក្ដាមធ្លាក់ចុះខ្លាំងដោយសារបញ្ហាកកស្ទះនៅព្រំដែនប្រទេសចិន
សេដ្ឋកិច្ច February 21, 2022 Khmernote

តម្លៃក្ដាមរបស់ប្រទេសវៀតណាម បាន​ធ្លាក់​ចុះ​ជិត​ពាក់​កណ្តាល ​ខណៈ​ពាណិជ្ជករ​នៅ​ច្រក​ព្រំដែន​ភាគ​ខាងជើង​ជាមួយ​ប្រទេស​ចិន​កំណត់​ការ​ទិញ​ដោយសារ​ពិបាក​ក្នុង​ការ​នាំ​ចេញ។ ការនាំចេញទំនិញតាមច្រកព្រំដែនក្នុងខេត្ត Lang Son ភាគខាងជើងនៅតែមានភាពយឺតយ៉ាវ ដោយរថយន្តដឹកទំនិញជាច្រើនត្រូវចំណាយពេលក្នុងការបោសសម្អាតគយយូរ បន្ទាប់ពីប្រទេសចិនបានរឹតបន្តឹងបទប្បញ្ញត្តិលើជំងឺ Covid-19។

ស្ថានភាពក្នុងពេលបច្ចុប្បន្នបែបនេះហើយបានធ្វើឱ្យតម្លៃ​អាហារ​សមុទ្រ​ក្នុង​ប្រទេស​វៀតណាម​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ លោក Bui Chi Lam កសិករចិញ្ចឹមក្តាមនៅខេត្ត Ca Mau ភាគខាងត្បូង បាននិយាយថា តម្លៃលក់ក្តាមលំដាប់កំពូលនៅកសិដ្ឋាន គឺមានតម្លៃត្រឹមតែ ៦០០,០០០ដុង (២៦.២៨ ដុល្លារ) ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ធ្លាក់ចុះ ៥០ភាគរយបើធៀបនឹងពេលបុណ្យចូលឆ្នាំថ្មីទើបកន្លងទៅនេះ ហើយចូលដើមខែនេះ លោក​បាន​កត់​សម្គាល់​ឃើញ​ថា ចំនួន​អាជីវករ​ដែល​រក​ទិញ​គ្រឿង​សមុទ្រ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

លោក Lam បានបន្តថា ជាធម្មតានៅពេលដែលការផ្គត់ផ្គង់ថយចុះ តម្លៃនឹងកើនឡើង ប៉ុន្តែផលប៉ះពាល់នៃការបិទច្រកទ្វារព្រំដែនបានធ្វើឱ្យតម្លៃក្តាមធ្លាក់ចុះ ហើយកសិករចិញ្ចឹមក្តាមត្រូវបានបង្ខំឱ្យពឹងផ្អែកទាំងស្រុងលើការប្រើប្រាស់ក្នុងស្រុក។ ដោយឡែកលោក Thanh កសិករ​ចិញ្ចឹម​ក្តាម​ម្នាក់​ទៀត​នៅ Ca Mau បាន​និយាយ​ថា តម្លៃ​ក្តាម​នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត ប្រសិន​បើ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​មាន​កម្រិត​ទាប។

ជាមួយគ្នានេះ ក្រៅ​ពី​ក្តាម តម្លៃ​បង្គា​ក៏​បាន​ធ្លាក់​ចុះ​បើទោះបីជាការផ្គត់ផ្គង់មានការថយចុះក៏ដោយ ដោយសារតែការជាប់គាំងនៅព្រំដែនប្រទេសចិន និងការប្រើប្រាស់ក្នុងស្រុកតិច។ គួរបញ្ជាក់ផងដែរថា ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ រថយន្ត​ដឹកទំនិញ​ជាង ២០០០ គ្រឿង​បាន​ជាប់គាំង​នៅ​ច្រកព្រំដែន Lang Son ដោយសារ​ការបោសសម្អាតគយ​យឺតយ៉ាវ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress