យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ភ្ញៀវទេសចដែលមកទស្សនាកម្សាន្តនៅប្រាសាទ អង្គរវត្ត បានកោតសសើរការ ថែទាំវាលស្មៅ នៅបរិវេណប្រាសាទអង្គរវត្តមានភាពស្រស់ស្អាត មានពណ៌បៃតងខ្ចី ទាំងរដូវប្រាំង និង រដូវវស្សា ដែលអាចបង្កើនសម្រស់របស់ប្រាសាទអង្គរបានកាន់តែស្រស់ស្អាត។
ចាប់ពីឆ្នាំ២០២០មក អាជ្ញា ធរជាតិអប្សរាបានរៀបចំដាំស្មៅឡើងវិញ និងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិបែបទំនើប ដើម្បីកែលម្អ និងលើក កម្ពស់ភាពបៃតងខ្ចី នៅជុំវិញបរិវេណប្រាសាទអង្គរវត្ត។
លោកប៊ុន ឈីវ ជាអ្នកទេសចរមួយរូបដែលធ្វើដំណើរមកពីខេត្តកំពង់ធំ បានមកទស្សនាប្រាសាទអង្គរវត្ត បានឱ្យដឹងថា លោកពេញចិត្តចំពោះសកម្មភាពថែទាំនិងស្រោច ស្រពវាលស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ដោយការធ្វើបែបនេះ បានបង្កើនសម្រស់ស្រស់ស្អាតដល់ប្រាសាទអង្គរមួយកម្រិតទៀត។ជាពិសេសភ្ញៀវទេស ចរមានអាម្មណ៍ស្រស់ស្រាយ និងបានថតរូបភាពយ៉ាងស្រស់ស្អាតជាមួយវាលស្មៅខៀវខ្ចីទាំងនោះ។
សំឡេង៖ពីមុខកន្លែងខ្លះមានស្មៅកន្លែងខ្លះអត់ស្មៅឃើញមានដីមានអីអ៊ីចឹងពេលថតរូបទៅអត់ស្អាត តែឥឡូវនេះវិញ ឃើញមានស្មៅខៀវខ្ចី ពេលយើងថតមានទេសភាពខៀវខ្ចីជាមួយនឹងបា្រសាទ ជាមួយរូបយើងពេលមើលទៅឃើញពេញចិត្ត។
លោក ភឿន សុឃីម អនុ ប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា មាន ប្រសាសន៍ថា ការងារដាំស្មៅ និងការស្រោចស្រពថែទាំជា ប្រចាំថ្ងៃ នៅជុំវិញប្រាសាទ អង្គរវត្ត ធ្វើយ៉ាងណាឱ្យទីនោះមានពណ៌បៃតង ខៀវខ្ចីគ្រប់រដូវកាល។ លោកបន្តថា ការ ងារស្រោចស្រពវាលស្មៅត្រូវយកចិត្តទុកដាក់ជាខ្លាំងពិសេសនៅក្នុងរដូវប្រាំងដោយត្រូវបង្កើនការស្រាចទឹកយ៉ាងហោចណាស់ចំនួនពីរដងក្នុងមួយថ្ងៃ។លោកបន្តថា ភាពខុសប្លែកទាំងនេះ ទទួលបានការចាប់អារម្មណ៍និងកោតសសើរមិនដាច់ពីមាត់ ពីសំណាក់ភ្ញៀវទេសចរគ្រប់រូប ដែលបានមកទស្សនាប្រាសាទអង្គរវត្ត។
មុនកូវីដមុនឆ្នាំ ២០១៩ យើងឃើញស្រាប់ហើយនៅក្នុងបរិវេណតំបន់អង្គរនេះ ភាពបៃតងមានតែក្នុងរដូវវស្សាប៉ុន្មានខែប៉ុណ្ណោះ ហើយពេលអត់រដូវភ្លៀងទៅ នៅកន្លែងនេះស្មៅវាងាប់ក្រហម អ៊ីចឹងក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គនាយក គាត់បានឱ្យនាយកដ្ឋានគ្រប់ គ្រងទឹកយើងរៀបចំជាប្រព័ន្ធស្រោចស្រពក៏ដូចជាការដាំស្មៅឡើងវិញ ដើម្បីឱ្យបរិវេណប្រាសាទអង្គរវត្តមានភាពបៃ តងទាំងរដូវប្រាំងនិងរដូវវស្សាចំពោះការថែទំាវិញយើងរដូវក្តៅខ្លាំងយើងស្រោចជាពីរពេលធ្វើម៉េចធានាធ្វើម៉េចឱ្យមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្មៅ។
សូមជម្រាបផងដែរថា សកម្មភាពដាំនិងថែទាំស្មៅ មិនត្រឹមតែរៀបចំធ្វើនៅបរិវេណមុខប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែសកម្មភាពទាំងនេះ បានធ្វើនៅតាមប្រាសាទមួយចំនួនទៀតដូចជា ព្រះលានជល់ដំរី ប្រាសាទបាយ័ន្ត ប្រាសាទ បន្ទាយក្តី ប្រាសាទតាព្រហ្ម និងទីកន្លែងជាច្រើនទៀត ធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរ មានភាពបៃតងស្រស់ស្អាតទាំងខួបប្រាំងនិងវស្សា៕







ប្រភព៖ ក្រសួងព័ត៌មាន


