ខែដំបូងឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ២៨៨លានដុល្លារកើនឡើង ៧១លានដុល្លារ
សេដ្ឋកិច្ច February 18, 2022 Khmernote

ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ២៨៨.២៣លានដុល្លារ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១ ឃើញថាកើនឡើងប្រមាណជា ៧១.០៣ លានដុល្លារ ស្មើនឹង៣២.៧០%។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមអគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ ប្រភេទ មានកំណើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងខែមករា ឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ១៨៧.២១ ប៊ីលានរៀល (កើនឡើង ១៣.៥៦ ប៊ីលានរៀល ស្មើនឹង ៧.៨១%), អាករលើតម្លៃបន្ថែមមានចំនួន ២៨៤.៣៧ ប៊ីលានរៀល (កើនឡើង ៥៨.៨២ ប៊ីលានរៀល ស្មើនឹង ២៦.០៨%), អាករពិសេសមានចំនួន ១០៧.៤៨ ប៊ីលានរៀល (កើនឡើង ៣០.៣៨ ប៊ីលានរៀល ស្មើនឹង ៣៩.៤០%), ពន្ធលើប្រាក់បៀវត្សមានចំនួន ១១០.២១ ប៊ីលានរៀល (កើនឡើង ១៩.០២ ប៊ីលានរៀល ស្មើនឹង ២០.៨៦%), និង ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៩០.០៣ប៊ីលានរៀល (កើនឡើង ៣៦.៤៦ ប៊ីលានរៀល ស្មើនឹង ៦៨,០៧%)៕

អត្ថបទ៖ លីនី