គ្រឹះស្ថានអង្គរ ចាប់ផ្តើមដាក់អនុវត្តន៍លក់សំបុត្រជិះទូកទស្សនា តំបន់បឹងទន្លេសាបនៅកំពង់ផែទេសចរណ៍ចុងឃ្នៀសឡើងវិញ
ទេសចរណ៍ February 17, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីអាជ្ញាធរបានរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ នៅកំពង់ផែទេសចរណ៍ចុងឃ្នៀសរួចមក គ្រឹះស្ថានអង្គរ បានជម្រាប់ជូនសាធារណជនជាតិ អន្តរជាតិ គ្រប់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរទាំងអស់ថា គ្រឹះស្ថាននឹងចាប់ អនុវត្តន៍ការលក់សំបុត្រជិះទូក ទស្សនាតំបន់បឹងទន្លេសាបនៅកំពង់ផែទេសចរណ៍ ចុងឃ្នៀសឡើងវិញ។

ក្រោយបានផ្អាកអស់មួយរយៈ ហើយការលក់សំបុត្រនេះ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ ដែលមានតម្លៃសំបុត្រ ដូចជា តម្លៃសំបុត្រ ៧ដុល្លារក្នុងភ្ញៀវ ទេសចរមួយ នាក់ (អាយុចាប់ពី១២ឆ្នាំឡើងទៅ រួមទាំងភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ)។ ជាមួយគ្នានេះ ទូកតូចចំណុះ៨នាក់ សំបុត្រ៤ឡើងទៅទើបទូកចេញដំណើរ ទូកធំចំណុះ៤៥នាក់ សំបុត្រ៩ ឡើង ទៅទើបអ្នកចេញដំណើរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្រ្តី បាន សេចក្តីជូនដំណឹងមួយលេខ ៣៩៦ សជណ.ហធ ដោយសម្រេចលុបចោលនូវគម្រោង អភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀសរបស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគ ទាំងស្រុងរបស់ក្រុមហ៊ុនមួយនេះ ប្រគល់ឱ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរជា អ្នកគ្រប់គ្រងបណ្ដោះអាសន្ន ហើយរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋផងដែរ។

ដោយឡែក យន្តការក្នុងការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀសនេះ គឺគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ និងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គិសនី និងទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិការដ្ឋាន ដើម្បីជាសេនាធិការរបស់ គណៈកម្មការចម្រុះ ដែលមានឯកឧត្ដមអភិបាលខេត្តជាប្រធាន៕

ប្រភព៖ ក្រសួងព័ត៌មាន