ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវឱ្យពាណិជ្ជករជប៉ុន សហគ្រិន និងអ្នកវិនិយោគពិចារណាជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ
សេដ្ឋកិច្ច February 4, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Fumiaki TAKAHASHI ប្រធានសមាគមជប៉ុន-កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យពាណិជ្ជករជប៉ុន សហគ្រិន និងអ្នកវិនិយោគពិចារណាជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានធានាស្ថិរភាព សន្តិភាព និងនយោបាយ ព្រមទាំងការវិនិយោគ និងបរិយាកាសអាជីវកម្ម ដែលអំណាយផលសម្រាប់វិនិយោគិនជប៉ុន។

ជំនួបនោះត្រូវបានធ្វើឡើងកាលពីថ្ងៃ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញបរិយាកាសធុរកិច្ច ឱ្យកាន់តែល្អប្រសើរឡើង និងទទួលបានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ព្រមទាំងគណៈប្រតិភូសមាគមកម្ពុជា-ជប៉ុន ជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តមប្រធានសមាគម និងសហការី និងបានមានប្រសាសន៍ថា ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគលើវិស័យច្រើនទៀត ហើយវិនិយោគិនជប៉ុនបានមកវិនិយោគនៅកម្ពុជា ដោយនាំមកនូវលំហូរបច្ចេកវិទ្យា ចំណេះដឹង និងជំនាញ ពីការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន (FDI) និងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមទៀតថា ជំនួបពិភាក្សាការងារនេះ គឺជាជំហានមួយរបស់កម្ពុជា ក្នុងការកសាងផែនទីចង្អុលបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ហើយនឹងក្លាយជាសូចនាករគោលដៅរបស់ក្រសួងពាណិជ្ជកម្ម និងសមាគមកម្ពុជា-ជប៉ុន ក្នុងការសម្រេចគោលដៅជំរុញផលិតកម្ម និងការនាំចេញរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងអ្នកផលិត នៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីរវាងប្រទេសទាំងពីរ។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន (AJCEP) បានពន្លឿនការឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុន តាមរយៈការផ្តល់សិទ្ធិសេរីភាពនៃពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។ ជាក់ស្ដែង តាមស្ថិតិពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (DGCE) បានឱ្យដឹងថា ការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុនបានឈានដល់ប្រមាណ ១,៥ពាន់លានដុល្លារអាម៉េរិក គិតត្រឹមខែសីហា ឆ្នាំ២០២១ ក្នុងនោះរួមមាន៖ សម្លៀកបំពាក់ និងគ្រឿងសង្ហារិម ដែលមានចំនួនខ្ពស់បំផុតក្នុងចំណោមផលិតផលផ្សេងទៀត ។ ក្រៅពីនោះមានផលិតផលស្បែកជើង សម្លៀកបំពាក់ វាយនភ័ណ្ឌ និងផលិតផលប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ។ កម្ពុជាក៏បាននាំចូលសូត្រឆៅ ប្រមាណពី ៤០០ ទៅ ៥០០តោន ក្នុងមួយឆ្នាំ ដើម្បីផលិតទៅជាផលិតផលសិប្បកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារធំៗ ដែលរួមមាន៖ ប្រទេសថៃ វៀតណាម ចិន និង ប្រទេសជប៉ុន ហើយទីផ្សារជប៉ុនបានក្លាយជាទីផ្សារនាំចូលផលិតផលសូត្រដ៏ធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២០ ដែលមានចំនួនរហូតដល់ ១,៥លានដុល្លារអាម៉េរិក។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានសមាគម បង្ហាញការគាំទ្រលើចំណុចដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង រួមមាន៖ ១)សមាគមជប៉ុន-កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការពាំនាំសំណើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ទៅរាជរដ្ឋាភិបាលជប៉ុន។ ២)អភិវឌ្ឍន៍ការវិនិយោគខ្សែសង្វាក់តម្លៃសូត្រនៅតាមខេត្តគោលដៅ ។ ៣)បន្តគាំទ្រការវិនិយោគរបស់សហគ្រិនជប៉ុនក្នុងប្រទេសកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន