នាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមត្រូវតែត្រៀមខ្លួនដើម្បីបើកទេសចរណ៍ឡើងវិញឱ្យពេញលេញនិងដោយសុវត្ថិភាព នៅចុងខែមីនា និងមិនលើសពីចុងខែមេសា។ នាយករដ្ឋមន្រ្តីរូបនេះបានបន្តថា ពេលវេលាសម្រាប់ប្រទេសវៀតណាម ដើម្បីបើកទេសចរណ៍របស់ខ្លួនឡើងវិញ គឺជាពេលដែលក្រុមមួយចំនួននៃចំនួនប្រជាជនបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទីបី និងគោលនយោបាយគ្រប់គ្រងអន្តោប្រវេសន៍សមស្រប។
កន្លងមកក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានស្នើឱ្យវៀតណាមបើកទេសចរណ៍ឡើងវិញទាំងស្រុងចាប់ពី៣១ ខែមីនា ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ និងអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរទៅក្រៅប្រទេសតាមគ្រប់មធ្យោបាយដឹកជញ្ជូន។ ក្រសួងបាននិយាយថា អ្នកដែលមកប្រទេសវៀតណាមត្រូវតែចាក់វ៉ាក់សាំងពេញលេញ ឬជាសះស្បើយពី កូវីដ-១៩ ធ្វើតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយ និងមានការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រដែលគ្របដណ្តប់លើការព្យាបាល កូវីដ-១៩ យ៉ាងហោចណាស់ ៥០,០០០ ដុល្លារ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ចំនួន ១១ កាលពីសប្តាហ៍មុនក៏បានដាក់ញត្តិទៅរដ្ឋាភិបាលដើម្បីប្រកាសនៅដើមខែកុម្ភៈ នូវការកំណត់ពេលវេលាសម្រាប់ការបើកប្រទេសឡើងវិញពេញលេញសម្រាប់ភ្ញៀវទេសចរបរទេស៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


