តម្លៃសាច់ជ្រូក សាច់មាន់ ស៊ុត នៅក្នុងប្រទេសថៃ រំពឹងថានឹងធ្លាក់ចុះជាងមុន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិនបានបញ្ចប់
សេដ្ឋកិច្ច February 4, 2022 Khmernote

នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានប្រកាសកាលពីថ្ងៃពុធថា​ តម្លៃសាច់ជ្រូក ក៏ដូចជាពងមាន់ និងសាច់មាន់ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំចិនបានបញ្ចប់។ អគ្គនាយក Watthanasak Sua-iam បានប៉ាន់ប្រមាណថា តម្លៃទូទៅគួរតែធ្លាក់ចុះមកត្រឹម ១៧០-១៨០ បាតក្នុង ១គីឡូក្រាមធៀបនឹង ២២០ បាតកាលពីដើមខែនេះ ដែលឡើងដល់កំពូលប្រហែល ៣០០ បាតក្នុងឱកាសបុណ្យចូលឆ្នាំចិន។

ការធ្លាក់ចុះជាទូទៅនៃតម្លៃលក់ដុំនៅកសិដ្ឋានចិញ្ចឹមជ្រូក គួរតែធ្លាក់ចុះមកត្រឹម ១០០បាត ដែលបណ្តាលឱ្យមានការថយចុះនៃតម្លៃលក់រាយ។ ជាមួយគ្នានេះតម្លៃ​សាច់​មាន់ ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៦៥-៨២ បាត​ក្នុង​មួយ​គីឡូក្រាម ដែល​ជា​ការ​ធ្លាក់​ចុះ​បន្តិច​ពី​អត្រា​បច្ចុប្បន្ន ខណៈ​តម្លៃ​ពង​មាន់​ខ្នាត​កណ្ដាល​លេខ ៣ គួរតែ​ធ្លាក់​មក​ត្រឹម ១០០ បាត​សម្រាប់​ពង ៣០ ឬជាមធ្យម ៣.៣៣ បាតក្នុងមួយផ្លា។

គួរបញ្ជាក់ផងដែរថា តម្លៃជ្រូក និងស៊ុត នៅក្នុងប្រទេសថៃ កាលពីពេលកន្លងទៅនេះបានកើនឡើងខ្លាំង ដោយសារការផ្គត់ផ្គង់សាច់ជ្រូកបានធ្លាក់ចុះ ៣០% នៅឆ្នាំនេះ ដែលភាគច្រើនបណ្ដាលមកពីជំងឺប៉េស្តជ្រូកអាហ្រ្វិក និងការឡើងថ្លៃ​ចំណី​សត្វ​ដែល​ផលិត​ក្នុង​ស្រុក៕

អត្ថបទ៖​ លីនី
ប្រភព៖ nationthailand