ស្ពានអាកាសថ្មី តម្លៃ ១០លានដុល្លារអាមេរិក នឹងលេចវត្តមាននៅផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ
សេដ្ឋកិច្ច January 31, 2022 Khmernote

នាពេលបច្ចុប្បន្ននេះ ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩​ ក្ដី​ តែការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានរីកដុះដាលដូចផ្សិត មិនថានៅតាមបណ្ដាខេត្ត ឬ ក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែងនៅព្រឹកចុងខែមករា ឆ្នាំ២០២២នេះ យោងតាមផេកសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃនោះ។

សូមជម្រាបថា ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។ គ្រោងចំណាយថវិកាសាងសង់ជិត ១០លានដុល្លារអាមេរិក។ គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ ១៥ខែ៕

អត្ថបទ៖ លីនី
ប្រភព៖