ដំណឹងល្អដើមឆ្នាំ! ក្រុមហ៊ុន Alibaba ចង់នាំយកផលិតផលខ្មែរទៅបញ្ចូល ដាក់លក់នៅលើទីផ្សារប្រទេសចិន និងបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក
សេដ្ឋកិច្ច January 29, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា តំណាងក្រុមហ៊ុន Alibaba បង្ហាញពីបំណង ក្នុងការនាំយកផលិតផលខ្មែរទៅបញ្ចូល និងដាក់លក់នៅលើទីផ្សារប្រទេសចិន និងបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក តាមរយៈ App Lazada របស់ Alibaba Group។

ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុន Alibaba Group តាមរយៈ ប្រព័ន្ធ Video ស្តីអំពី «កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Alibaba Group ជាមួយរាជរដ្ឋាភិបាលកម្ពុជា» ។

ឯកឧត្តម យឹម ឆៃលី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនៃកិច្ចសហការរវាងក្រុមហ៊ុន Alibaba និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយដែលមានក្រសួងនិងស្ថាប័នពាក់ព័ន្ធចំនួន១៧ ដែលជាសមាជិកក្នុងនោះក៏មានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលមានភារកិច្ចត្រូវជួយស្វែងរកទីផ្សារសម្រាប់ផលិតផលកម្ពុជា។

លោក សុង ជីងថាវ (Song Juntao) អគ្គលេខាធិការ eWTP នៃក្រុមហ៊ុន Alibaba របស់ប្រទេសចិនបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពីវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោក ហៅកាត់ថា eWTP គឺជាវេទិកាកិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជន ដែលមានសណ្ឋានជាពហុភាគី ដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមរយៈប្រព័ន្ធOnline។

លោកបន្តថា eWTP ត្រូវបានបង្កើតឡើងនិងចាប់ដំណើរការពីឆ្នាំ២០១៦ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Group ហើយទទួលបានការគាំទ្រពីថ្នាក់ដឹកនាំនៃប្រទេស G20 ក្នុងឆ្នាំ២០១៦ លើសពីនេះ eWTP ត្រូវបានទទួលស្គាល់ដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Alibaba។ eWTP នឹងធ្វើការជាមួយដៃគូក្នុងស្រុក និងបរទេសដើម្បីបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលចំនួនបួន រួមមានប្រតិបត្តិការសកល ការដឹកជញ្ជូន ហិរញ្ញវត្ថុទូទាត់ និងបណ្តាញវេទិកាសេវាសាធារណៈ ស្វែងយល់ពីច្បាប់ថ្មីនៃពាណិជ្ជកម្មឌីជីថលតាមរយៈការអនុវត្តអាជីវកម្ម និងលើកកម្ពស់ពាណិជ្ជកម្មតាមរយៈបច្ចេកវិទ្យាឌីជីថល និងកិច្ចសហប្រតិបត្តិការរួមបញ្ចូលការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងចីរភាព។

បច្ចុប្បន្ននេះ eWTP បានអនុវត្តនៅក្នុងប្រទេសចំនួន៦ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ដែលនៅក្នុងទ្វីប អាស៊ី មាន ប្រទេសម៉ាឡេស៊ី និង ប្រទេសថៃ។ ចក្ខុវិស័យរបស់ eWTP ក្នុងការជួយប្រទេសដៃគូពង្រីកការនាំ ចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិរក្សបរិស្ថាន។ ក្រៅពីទីផ្សារប្រទេសចិន ដែលបានប្រើប្រាស់គេហទំព័រ Alibaba.com ដែលជួយសហគ្រាសធុនតូច និងមធ្យមនាំចេញទៅជាង ២០០ ប្រទេសជុំវិញពិភពលោកតាមរយៈអនឡាញ ហើយក្រុមហ៊ុនជិតមួយពាន់នៅម៉ាឡេស៊ី និងថៃ គឺជាសមាជិករបស់ក្រុមហ៊ុន Alibaba។ លើសពីនេះ ទាក់ទងនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រុមហ៊ុន Alibaba ក៏បានណែនាំគេហទំព័រ Lazada ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូ និកឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលបម្រើអតិថិជនចំនួន ៦៥០លាននាក់ក្នុង៦ ប្រទេស រួមមានវៀតណាម (Lazada.vn) សិង្ហបុរី (Lazada.sg) ម៉ាឡេស៊ី (Lazada.com.my) ថៃ (Lazada.co.th) ហ្វីលីពីន (Lazada.com.ph) និងឥណ្ឌូនេស៊ី (Lazada.co.id)៕

ប្រភព៖ ក្រសួងព័ត៌មាន