រដ្ឋមន្រ្ដីក្រសួងសាធារណការ៖ រាជរដ្ឋាភិបាល គ្រោងសាងសង់កែលម្អផ្លូវជាតិចំនួន ៣ខ្សែ ដើម្បីតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិ លេខ៣
សេដ្ឋកិច្ច January 20, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន លើក ឡើងថា នៅពេលខាងមុខ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ៤១ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលថ្មីៗ។ ការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដីនេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជា ផ្លូវការកំពង់ផែទេសចរណ៍ កែប-កោះ ទន្សាយ ស្ថិតក្នុងក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃពុធ ០២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គម្រោងសាងសង់កែលម្អ ផ្លូវជាតិទាំងនេះ គឺដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ឧស្សា ហ ផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តកែប កាន់ តែច្រើនថែមទៀត ដែលនឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះ មានសកម្ម ភាពកាន់តែមានភាពមមារញឹក។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ ចំពោះ អគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការ និងដឹក ជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្ត កែប និងក្រសួង-ស្ថាប័ន កងកម្លាំង ប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តរួមសហ ការយ៉ាងសកម្ម ធ្វើឱ្យសម្រេចនូវសមិទ្ធផលកំពង់ផែទេសចរណ៍-កោះទន្សាយ ដ៏ថ្មី ស្រឡាង នេះឡើង។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធរដែនដី ថ្នាក់ ដឹក នាំគ្រប់លំដាប់ថ្នាក់ មន្ដ្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុននានានៅ ក្នុង ខេត្តកែប ក៏ដូចជាជនរួមជាតិទាំងអស់ជួយថែរក្សា អភិវឌ្ឍន៍ និងមកធ្វើទេសចរណ៍ នៅរមណីយដ្ឋានធម្មជាតិខេត្តកែប និងបន្ដចូលរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែល្អប្រសើថែមទៀត ដើម្បីលើកកម្ពស់ការចូលរួមចំណែកក្នុងការថែរក្សាសុវត្ថិភាព ការថែទាំ និងការអភិវឌ្ឍផ្លូវ-ស្ពាន ឆ្នេរ និងកំពង់ផែទេសចរណ៍ ជាពិសេសផ្លូវចូល និងសំណង់កំពង់ផែនេះ ដើម្បី ប្រើប្រាស់ឱ្យមាននិរន្ដរភាព និងយូរអង្វែង។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានសំណូមពរដល់អ្នកគ្រប់គ្រងកំពង់ផែទេសចរណ៍នេះ ក៏ដូចជា ម្ចាស់ទូក ឬ នាវា បំពាក់នូវសម្ភារ បរិក្ខារ និងឧបរណ៍ផ្សេងៗឱ្យបានគ្រប់គ្រាន់ និង ត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស ទាំងអ្នកបើកបរទូក ឬនាវា ទាំងអ្នករួមដំណើរ ពាក់ អាវ ពោងឱ្យបានគ្រប់ៗគ្នា ដើម្បីធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅមក អ្នកបើកបរទូក ឬនាវា ត្រូវចេះបញ្ជាទូក ឬនាវាឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ព្រមទាំងចេះ ប្រើប្រាស់នូវឧបករណ៍ ទាំងនោះ ដើម្បីទទួលព័ត៌មានអំពីអាកាសធាតុ និងបាតុភូតនានា ឱ្យបានស្ទាត់ជំនាញ មុននឹងបញ្ជាទូក ឬនាវាក្នុងពេលធ្វើនាវាចរណ៍។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជ រដ្ឋា ភិ បាល ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការ ៣-កុំ ៣-ការពារ និងត្រូវបន្តសម្របបន្ស៊ាំខ្លួន និងរៀនរស់នៅជាមួយជំងឺកូវីដ-១៩ ទៅតាមគន្លងប្រក្រតីភាពថ្មី ជាពិសេសចូលរួមទប់ស្គាត់ការរាលដាលមេរោគអូមីក្រុង ដែលជាមេរោគកូវីដ-១៩ បម្លែងខ្លួនថ្មីដ៏កាចសាហាវឱ្យបានជោគជ័យដើម្បីរក្សាជីវិត និង ស្តារសេដ្ឋកិច្ច-សង្គម យើងឡើងវិញ។

បើតាមរបាយការណ៍របស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈ អភិបាល ខេត្តកែបបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាង ស្តារ និងជួស ជុល ឡើង វិញនូវហេដ្ឋា រចនាសម្ព័ន្ធនានារួមមាន ការចាក់បេតុងកៅស៊ូ(AC) និងកៅស៊ូពីរ ស្រទាប់ស្តើង (DBST)ផ្លូវប្រប មាត់សមុទ្រ ការពង្រីកផ្លូវជាតិលេខ៣៣អា ផ្លូវក្រាលក្រួស ក្រហម និង ចាក់ ខ្សាច់បន្ថែមថ្មីនៅឆ្នេរកម្សាន្ត ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ការធ្វើ អាង ប្រព្រឹត្តិកម្ម ចម្រោះទឹកកខ្វក់នៅឆ្នេរលេងទឹក នៅផ្សារក្តាម មានអគ្គិសនីប្រើប្រាស់២៤ ម៉ោងលើ២៤ ម៉ោង មានទឹកស្អាតប្រើប្រាស់ ការរៀបចំសួនច្បារសាធារណៈ ដាក់បង្គោល ភ្លើងបំភ្លឺតាម ដង ផ្លូវ ដឹកនាំបំផុសធ្វើអនាម័យបរិស្ថាន លើកកម្ពស់សោភណភាព សាធារណៈ ធ្វើឱ្យខេត្ត មានភាពស្អាត និងស្រស់បំព្រងគ្រប់រដូវកាល ដើម្បីទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរ ជាតិ បន្ថែមទៀត។

សូមជម្រាបជូនថា កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះ សាងសង់ដោយ អគ្គនាយក ដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងត្រួតពិនិត្យបច្ចេកទេសដោយអគ្គនាយក ដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន មានរចនាបទទំនើប អាចទទួល នាវា ទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿង អាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន ក្នុងពេលអនាគតកំពង់ផែនេះនឹងអាចទទួលនា វាទេស ចរណ៍ច្រើនជាងនេះទៀតនៅពេលជីកស្តារឃ្លងផ្លូវនាវាបានជ្រៅបន្ថែមទៀត។ កំពង់ផែ នេះ ត្រូវបានសាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣ ៤៧០ ម៉ែត្រការ៉េ និង មានផ្លូវបេតុងចូលផែទំហំ ១៣ម៉ែត្រ គុណ ១០០ម៉ែត្រ និងអគាររដ្ឋបាលទំហំ១០ម៉ែត្រ គុណ ៣០ម៉ែត្រ ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ និងបានចំណាយថវិកាជាតិសរុបចំនួន ៤ ៨៨០ លានរៀល ស្មើនឹង ប្រមាណ ១ ២០០ ០០០ ដុល្លារអាម៉េរិក។

កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះដើរតួនាទី យ៉ាងសំខាន់ ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាព រស់ នៅជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល មានទីតាំងស្ថិតក្នុងភូមិសាស្រ្តឆ្នេរ ប្រកប ដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាង សង់ ហេដ្ឋា រចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន