ខេត្ត Lang Son ភាគខាងជើងនៃព្រំដែន នឹងបិទទទួលរថយន្តដឹកទំនិញដែលកំពុងស្វែងរកការដឹកជញ្ជូនផ្លែឈើចូលទៅក្នុងប្រទេសចិនចាប់ពី១៧ ខែមករា រហូតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនៅដើមខែកុម្ភៈចប់។ គណៈកម្មាធិការប្រជាជនខេត្តបាននិយាយថា ការបិទនេះគឺដើម្បីអនុញ្ញាតឱ្យកុងតឺន័រជាង ១,៥០០គ្រឿង ដែលកំពុងជាប់គាំងនៅព្រំដែន អាចបំពេញនីតិវិធីគយហើយបានចូលប្រទេសចិន។
ជាមួយគ្នានេះដែរ កាលពីសប្ដាហ៍មុន ខេត្ត Lang Son បានណែនាំដល់មូលដ្ឋានទូទាំងប្រទេសកុំឲ្យដឹកទំនិញចូលតាមច្រកព្រំដែន ប៉ុន្តែក្នុងមួយៗរថយន្តជាង ១០០គ្រឿងនៅតែដឹកទំនិញចូលទៅខេត្តដដែល។ មិនតែប៉ុណ្ណោះមុននោះ ឧបនាយករដ្ឋមន្ត្រី Le Van Thanh បានស្នើឱ្យខេត្តភាគខាងជើងទាំងពីរគឺ Lang Son និង Quang Ninh ណែនាំដល់មូលដ្ឋាន និងសហគ្រាសកុំឱ្យដឹកជញ្ជូនទំនិញទៅតំបន់ព្រំដែន ហើយឈប់ទទួលប្រសិនបើរថយន្តដឹកទំនិញបន្តដឹកទំនិញនៅទីនោះទៀត។
គួរឱ្យដឹងថា ចំពេលមានការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ថ្មីៗនេះ ប្រទេសចិនបានរឹតបន្តឹងការត្រួតពិនិត្យលើទំនិញនាំចូល និងការដឹកជញ្ជូនរបស់ពួកគេ ដែលនាំឱ្យមានការកកស្ទះរថយន្តកុងតឺន័ររបស់វៀតណាមនៅតាមច្រកព្រំដែនក្នុងរយៈពេលមួយខែកន្លងមកនេះ។ ក្នុងមួយថ្ងៃៗ ពួកគេបានបញ្ចប់ការបោសសម្អាតគយសម្រាប់រថយន្តដឹកទំនិញពី ៨០ ទៅ ១០០គ្រឿង ដោយក្នុងនោះ ៧០ភាគរយនៃរថយន្តដឹកកសិផលភាគច្រើនជាផ្លែឈើ។ គិតត្រឹមព្រឹកថ្ងៃទី១២ ខែមករា នៅច្រកទ្វារព្រំដែនទាំងបីគឺ Huu Nghi, Tan Thanh និង Chi Ma រថយន្តចំនួន ១,៥៤៨ គ្រឿងបានជាប់គាំង ដោយពាក់កណ្ដាលសុទ្ធតែដឹកផ្លែឈើ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


