បើកឆាកឆ្នាំថ្មី គម្រោងវិនិយោគចំនួន ៩ សរុបតម្លៃជាង ៤០លានដុល្លារបោះពួយចូលកម្ពុជា
សេដ្ឋកិច្ច January 13, 2022 Khmernote

បើកឆាកឆ្នាំថ្មីភ្លាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៩ ដែលមានដើមទុនវិនិយោគសរុបជាង ៤០ លានដុល្លារអាមេរិក។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលបានចេញផ្សាយកាលពិម្សិលមិញនេះ គម្រោងដែលត្រូវបានអនុម័តថ្មីត្រូវបានគេរំពឹងថានឹងបង្កើតការងារចំនួនរាប់ពាន់កន្លែង សម្រាប់ប្រជាជនក្នុងតំបន់។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-COMO APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៩៤៧កន្លែង។

២- LEONA (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងវ៉ាលិស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៣០កន្លែង។

៣-SINCERE SEASON (CAMBODIA) GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧២០កន្លែង។

៤-POWERFUL RICHES GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៤៣កន្លែង។

៥- GREEN BAG (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រ់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៤៤កន្លែង។

៦- GLOBAL SUPPLY REDWOOD CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៥៨កន្លែង។

៧- INKYUNG WONDANG APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១៧កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន ២ ដូចខាងក្រោម៖

១- Cambodian Shenghong Packaging Co., Ltd. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៦៨ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣០កន្លែង។

២- Best-Run Technology (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៥០ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០កន្លែង។

អត្ថបទ៖ លីនី