ប្រធានសមាគមន៍ចិញ្ចឹមមាន់ថៃ៖ « បើជ្រូកឡើងថ្លៃ ប្ដូរមកបរិភោគសាច់មាន់វិញ បានជួយដោះស្រាយបញ្ហាឡើងថ្លៃហើយ ជួយដល់កសិករចិញ្ចឹមមាន់ទៀត»
សេដ្ឋកិច្ច January 10, 2022 Khmernote

ប្រជាជនថៃកំពុងត្រូវបានជំរុញឱ្យប្ដូរទៅបរិភោគសាច់មាន់ ក្នុងគោលបំណងដោះស្រាយការខ្វះខាតសាច់ជ្រូក ការកើនឡើងតម្លៃ និងដើម្បីជួយកសិករចិញ្ចឹមផ្នែកបសុបក្សីទូទាំងប្រទេស។ លោក Somboon Watcharapongpun ប្រធាន​សមាគម​មាន់​ស្រែ​ថៃ​បាន​និយាយ​ថា ការ​កាត់​បន្ថយ​តម្រូវ​ការ​ គឺ​ជា​មធ្យោបាយ​មួយ​ទៀត​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​តម្លៃ​កើនឡើង។

លោក​បាន​បន្ត​ថា​៖ “មាន់​មាន​ជីវជាតិ​ដូច​សាច់​ជ្រូក ងាយ​ស្រួល​ញ៉ាំ ហើយ​អាច​រក​ទិញ​បាន​គ្រប់​ទីកន្លែង​ ហើយការជំរុញតម្រូវការក៏នឹងជួយដល់កសិករចិញ្ចឹមមាន់ជាង ១០,០០០ នាក់នៅទូទាំងប្រទេសផងដែរ”។ លោក Somboon បន្ថែមថា ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយពន្ធនាំចូលលើចំណីសត្វ ក៏ជាមធ្យោបាយ និងសម្រួលដល់ប្រជាពលរដ្ឋផងដែរ ពីព្រោះកសិករត្រូវចំណាយប្រាក់ខ្ពស់ក្នុងរយៈពេលយូរ។

ទោះ​យ៉ាង​ណា​លោក​ថា តម្លៃ​ចំណី​សត្វ​ដែល​ផលិត​ក្នុង​ស្រុក​ក៏​ឡើង​ថ្លៃ​ដែរ ព្រោះ​រដ្ឋាភិបាល​បាន​និង​កំពុង​រក្សា​តម្លៃ​កសិផល​ឡើង​ថ្លៃ។ គួរបញ្ជាក់ផងដែរថា ការផ្គត់ផ្គង់សាច់ជ្រូកថៃបានធ្លាក់ចុះ ៣០% នៅឆ្នាំនេះ ហើយនាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា បានបញ្ជាឱ្យមន្ត្រីបសុសត្វពន្លឿនការត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand