ផ្លូវគោកក៏រឹត ផ្លូវទឹកក៏តឹង! ដៃគូចិន ប្រាប់ឱ្យអ្នកនាំចេញកសិផលវៀតណាម ឈប់បញ្ជូនទំនិញមកតាមសមុទ្រ ដោយសារហេតុផលទាំងនេះ
សេដ្ឋកិច្ច January 10, 2022 Khmernote

អ្នកនាំចេញវៀតណាមក្នុងពេលបច្ចប្បន្នហាក់ជួបឧបសគ្គរារាំងស្ទះឥតឈប់ឈរក្នុងការនាំចេញទំនិញទៅកាន់ប្រទេសចិន ជាក់ស្ដែងកាលពីពេលថ្មីៗនេះនៅតាមព្រំដែនសំខាន់ៗនៃប្រទេសវៀតណាមនិងចិន កុងតឺន័ររាប់ពាន់បានគាំងស្ទះ បណ្ដាលទំនិញខូចខាតជាងច្រើន ជាពិសេសទំនិញកសិកម្ម។

ជាមួយគ្នានេះដែរ នាពេលថ្មីនេះ ដៃគូចិនរបស់ក្រុមហ៊ុននាំចេញវៀតណាមជាច្រើនបានស្នើឱ្យភាគីវៀតណាមកុំបញ្ជូនទំនិញតាមសមុទ្រ (ផ្លូវទឹក) រហូតដល់មានការសម្រេចចិត្តថ្មីមួយត្រូវបានធ្វើឡើង។ ដៃគូចិនបាននិយាយថា រដ្ឋាភិបាលនៃប្រទេសចិនកំពុងរឹតបន្តឹងសកម្មភាពនាំចូលចាប់ពីដើមឆ្នាំ២០២២ ខណៈកំពង់ផែចិនមានការកកស្ទះដោយសារតែល្បឿននៃការបោសសំអាតយឺតក្រោមគោលនយោបាយការពារ កូវីដ-១៩ របស់ប្រទេស។

ក្រុមហ៊ុនផលិតដំឡូងផ្អែម Nhat Thanh មានកិច្ចសន្យានាំចេញផ្លែខ្នុរ និងដំឡូងផ្អែមថៃចំនួន ៥០ កុងតឺន័រជារៀងរាល់ខែទៅកាន់ប្រទេសចិន។ ក្រុមហ៊ុន​និង​ដៃគូ​ចិន​បាន​ព្រមព្រៀង​គ្នា​នាំ​ចេញ​កុងតឺន័រ​ចំនួន ១០ ជាមុន​តាម​សមុទ្រ។ យ៉ាងណាមិញ យោងតាមសមាគមន៍បន្លែ និងផ្លែឈើវៀតណាម សកម្មភាពនាំចេញតាមសមុទ្រទៅកាន់ប្រទេសចិនមានភាពយឺតយ៉ាវខ្លាំងកាលពីសប្តាហ៍មុន។ ការបញ្ជាទិញជាច្រើននៅតែមាន ប៉ុន្តែមិនទាន់មកដល់កំពង់ផែ។ សមាគមបាននិយាយថា មានហានិភ័យនៃការបាត់បង់ជាបន្តបន្ទាប់ ប្រសិនបើកំពង់ផែមានការកកស្ទះ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនក៏បានរឹតបន្តឹងការត្រួតពិនិត្យលើទំនិញនាំចូល និងការដឹកជញ្ជូនរបស់ពួកគេ ដែលនាំឱ្យមានការកកស្ទះនៃរថយន្តកុងតឺន័រវៀតណាមនៅច្រកព្រំដែនគោកក្នុងរយៈពេលមួយខែកន្លងមកនេះ។ គិតត្រឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ខណៈដែលរថយន្តកុងតឺន័រចំនួន ២,៤៦០ គ្រឿងដែលមាន ៦០% ដឹកផ្លែឈើស្រស់នៅតែជាប់គាំងនៅច្រកព្រំដែនក្នុងទីក្រុង Lang Son នេះបើយោងតាមមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់វៀតណាម ចំណូលនៃការនាំចូល-នាំចេញនៃផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងពី ៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដល់ ១១ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ប្រទេសចិនគឺជាទីផ្សារនាំចេញធំទីពីររបស់វៀតណាមសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយបានប្រកាសចំណូលពីការនាំចេញចំនួន ៨.៤ ពាន់លានដុល្លារក្នុងរយៈពេល ១១ដំបូងនៃឆ្នាំនេះ ដែលស្មើនឹង ១៩.២% នៃការនាំចេញកសិផលសរុបរបស់វៀតណាម៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress