ថៃ​ ហាម​ឃាត់ការនាំចេញ​-​នាំចូលផលិតផលកូពី ដើម្បីបង្ក្រាប​ទំនិញ​ក្លែងក្លាយលើទីផ្សារដ៏ល្បីរបស់ខ្លួន
សេដ្ឋកិច្ច January 5, 2022 Khmernote

គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារបានអនុម័តវិសោធនកម្មច្បាប់ហាមឃាត់ការនាំចូល-នាំចេញផលិតផលលួចចម្លង ដែលជាវិធានការចុងក្រោយនៃការបង្រ្កាបលើទីផ្សារដ៏ល្បីរបស់ប្រទេសថៃចំពោះទំនិញក្លែងក្លាយ។ ស្នើដោយក្រសួងពាណិជ្ជកម្ម វិសោធនកម្មនេះនឹងជំរុញការទប់ស្កាត់ការរំលោភកម្មសិទ្ធិបញ្ញានៅតាមព្រំដែន និងនាំច្បាប់ថៃស្របតាមកិច្ចព្រមព្រៀងកម្មសិទ្ធិបញ្ញាទាក់ទងនឹងពាណិជ្ជកម្ម (TRIPS) និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Rachada Dhnadirek។

ជាមួយគ្នានេះ សេចក្តីព្រាងបទប្បញ្ញត្តិរបស់ក្រសួងមានគោលបំណងចម្បងៗ ២​គឺកំណត់ផលិតផលដែលរំលោភលើពាណិជ្ជសញ្ញា និងហាមឃាត់ការនាំចេញ-នាំចូល និងឆ្លងកាត់ប្រទេសថៃ និងតម្រូវឱ្យពាណិជ្ជកររាយការណ៍អំពីពាណិជ្ជសញ្ញា ឬព័ត៌មានលម្អិតអំពីការរក្សាសិទ្ធិទៅនាយកដ្ឋានគយ ដើម្បីបើកការត្រួតពិនិត្យទំនិញសង្ស័យ។

គួរឱ្យដឹងថា ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​លើ​ទំនិញ​ក្លែង​ក្លាយ​ បាន​កើតឡើងបន្ទាប់ពី​ប្រទេសថៃ​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ទីផ្សារ​ដ៏​ល្បី​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០២០៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand